រុស្ស៊ីកំពុងប្រវេប្រវាសងបំណុលបរទេសឱ្យទាន់ពេល ដើម្បីកុំឱ្យខូចឈ្មោះ

0

ដោយៈសុខុម

មូស្គូ: ប្រទេសរុស្ស៊ី អះអាងថា បានទូទាត់សងបំណុលបរទេសរបស់ខ្លួនរួចហើយ ដើម្បីបញ្ចៀសការខកខានសងបំណុល តាមពេលវេលាកំណត់ដែលដល់នៅសប្ដាហ៍ក្រោយ។ រុស្ស៊ី និយាយថា ការទូទាត់សងនោះគឺជាការបង់ប្រាក់ដែលមានចំនួនសរុប៦៥០លានដុល្លារ។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រធានធនាគារកណ្តាលរុស្ស៊ី លោក Elvira Nabiullina បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “មិនអាចនិយាយពីការខកខានសងបំណុលដាច់ខាត” ប៉ុន្តែលោកបានទទួលស្គាល់ថា មាន “ការលំបាកជាមួយនឹងការទូទាត់សង”។

សំណួរកាន់តែច្រើនបានចោទសួរថា តើរដ្ឋាភិបាលក្រុងមូស្គូ មានលទ្ធភាពសងបំណុលរបស់ខ្លួន តាមពេលវេលាកំណត់ ដែលផុតនៅត្រឹមថ្ងៃទី៤ ខែឧសភា ដែរឬយ៉ាងណា ខណៈប្រទេសនេះ កំពុងទទួលរងទណ្ឌកម្មជុំទិស។

ការទូទាត់សងថ្លៃមូលបត្របំណុលអន្តរជាតិ ដែលមានទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារ របស់ប្រទេសរុស្ស៊ី ត្រូវធ្វើឡើងជារូបិយប័ណ្ណដែលបានបញ្ជាក់តាំងពីដើមមក។

ទោះជាយ៉ាងណា ប្រទេសរុស្ស៊ី បានបាត់បង់ទុនបម្រុងអន្តរជាតិភាគច្រើនរបស់ខ្លួន ដែលរក្សាទុកនៅធនាគារបរទេសនានា ដោយសារតែទណ្ឌ​កម្មដាក់ដោយលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្ត ក្រោយរុស្ស៊ីបានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

កាលពីដើមខែមេសា រដ្ឋាភិបាលក្រុងមូស្គូ បានស្នើសុំទូទាត់សងមូលបត្របំណុលរបស់ខ្លួនជារូបិយប័ណ្ណជាតិ Rouble ប៉ុន្តែសំណើនេះត្រូវបានទីភ្នាក់ងារ ដាក់កម្រិតគុណភាពបំណុលអាមេរិក Moody’s និងទីភ្នាក់ងារវាយតម្លៃ ដាក់កម្រិតគុណភាពបំណុលផ្សេងៗទៀត ច្រានចោល។

ទីភ្នាក់ងារទាំងនោះនិយាយថា តាមលក្ខខណ្ឌដែលបានកំណត់ ការទូទាត់សង ជារូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណដុល្លារ គឺស្មើនឹងខកខានសងបំណុល ដែលនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី រួមទាំងលទ្ធភាពក្នុងការខ្ចីប្រាក់នាពេលអនាគតផងដែរ។

ប្រទេសរុស្សី បានខកខានសងបំណុលជារូបិយប័ណ្ណ Rouble លើកចុងក្រោយបង្អស់ក្នុងឆ្នាំ១៩៩៨ នៅពេលប្រទេសនេះជួបវិបត្តិហិរញ្ញវត្ថុ។

ប្រទេសនេះបានខកខាន សងបំណុលជារូបិយប័ណ្ណបរទេសរបស់ខ្លួនក្នុងឆ្នាំ១៩១៨ បន្ទាប់ពីបដិវត្តន៍ Bolshevik។ នៅពេលនោះ លោក វ្ល៉ាឌីមៀ លេនីន ដែលជាមេដឹកនាំបដិវត្តន៍ បានបដិសេធមិនទទួលស្គាល់កាតព្វកិច្ចបំណុល ដែលបន្សល់ពីរបបស្ដេចសានោះឡើយ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here