អ្នកជំនាញបង្ហើបជម្រើសវិនិយោគដីធ្លី៣ប្រភេទឱ្យត្រូវនឹងការវិវត្តិទីផ្សារអនាគត និងមានផលចំណេញខ្ពស់

0

ដោយ៖ សុផារី

ភ្នំពេញ៖ និន្នាការនៃការអភិវឌ្ឍ និងតម្រូវការតែងតែមានការប្រែប្រួលជានិច្ច។ អ្នកវិនិយោគអចលនទ្រព្យវ័យឆ្លាតត្រូវសិក្សាពីការវិវត្តិនៃទីផ្សារបច្ចុប្បន្ន និងវិភាគដោយផ្អែកលើការពិតជាក់ស្តែង ដើម្បីព្យាករណ៍អំពីទិសដៅនៃការអភិវឌ្ឍ វិនិយោគឱ្យត្រូវទិសដៅ ដើម្បីផលចំណេញខ្ពស់។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានចែករំលែកនៅលើបណ្តាញសង្គមរបស់លោកអំពីជម្រើសល្អ៣យ៉ាងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យឱ្យត្រូវនឹងការវិវត្តិរបស់ទីផ្សារ និងអាចទទួលបានផលចំណេញខ្ពស់ នាពេលអនាគត។

លោក ង៉ែត ជូ បានសរសេរថា ដីធ្លីជម្រើសទី១ គឺ “ដីសំរាប់សកម្មភាពពាណិជ្ជកម្ម ដែលមានទីតាំងនៅជាយក្រុង” ដោយដីដែលអ្នកវិនិយោគគួរទិញស្ថិតនៅជុំវិញក្រុង ចម្ងាយត្រឹម៣០-៦០គីឡូម៉ែត្រពីកណ្តាលក្រុង និងមានក្បាលដីជាប់ផ្លូវធំ ឬគម្រោងផ្លូវធំយ៉ាងតិចទំហំ៣០ម៉ែត្រ។

លោកបញ្ជាក់ថា “ជាទូទៅ ដីប្រភេទនេះ បើបានក្បាលដីកាន់តែធំកាន់តែប្រសើរ ដូចជាចាប់ពីទំហំ៤០-៥០ម៉ែត្រឡើង ប៉ុន្តែជម្រៅដីគួរតែត្រឹម៤០-៥០ម៉ែត្របានហើយ។ ដីប្រភេទនេះជាដីលំដាប់លេខ១ ដោយហេតុថា មានតម្រូវការខ្ពស់ និងអាចបំពេញឱ្យតម្រូវការជាទីតាំងធ្វើពាណិជ្ជកម្មនាពេលអនាគត ដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ យានដ្ឋានជួសជុលរថយន្ត កន្លែងដាក់តាំងលក់ផលិតផល (showroom) ហាងទំនិញ ជាដើម”។

ម្យ៉ាងទៀត លោកថា ចំណុចគួរកត់សំគាល់ ទីតាំងដីប្រភេទនេះមិនត្រឹមតែមានតម្រូវការខ្ពស់នោះទេ ផ្ទុយទៅវិញមានការផ្គត់ផ្គង់ទាបបំផុត បើប្រៀបធៀបទីតាំងសម្រាប់ការសាងសង់ជាលំនៅឋាន។ ទីតាំងសម្រាប់សាងសង់លំនៅដ្ឋានអាចសាងសង់ទៅលើច្រើនជាន់បាន ដែលខុសពីទីតាំងសម្រាប់ធ្វើពាណិជ្ជកម្ម ដែលភាគច្រើនគឺសង់ផ្ទាល់ដី ដោយមិនមានច្រើនជាន់នោះទេ។


សម្រាប់ដីជម្រើសទី២ គឺ “ដីសម្រាប់អភិវឌ្ឍន៍លំនៅដ្ឋាននៅជាយក្រុង” ដោយដី ដែលអ្នកវិនិយោគគួរទិញ ស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញដូចប្រភេទដីជម្រើសទី២ទេ ដោយមានចម្ងាយចន្លោះពី៣០-៦០គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញ។

លោកបានឱ្យថា “ដីប្រភេទនេះជាដីសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាននាពេលអនាគត ដូច្នេះគួរជាប់ផ្លូវទំហំយ៉ាងតិច១០ម៉ែត្រ និងមានទំហំយ៉ាងតិចចាប់ពី៣ហិចតាឡើងទៅ។ ប្រសិនបើទំហំតូចជាងនេះ នោះនឹងមានការលំបាកក្នុងការអភិវឌ្ឍជាលំនៅដ្ឋាន រីឯទីផ្សារពុះដីឡូតិ៍នឹងត្រូវបាត់បង់នាពេលអនាគត។ ដូច្នេះហើយ ប្រសិនបើអ្នកខ្វះទុនវិនិយោគ អ្នកគួរចេះសហការជាមួយមិត្តភក្តិ និងអ្នកដទៃ”។

ជម្រើសទី៣ គឺ “ដីសំរាប់បម្រើឱ្យវិស័យឧស្សាហកម្ម” ដែលជាប្រភេទដីសំរាប់សាងសង់ជារោងចក្រ តំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស បម្រើឱ្យវិស័យឧស្សាហកម្ម។

ដីប្រភេទនេះគួរមានទំហំយ៉ាងតិច៥ហិចតា ហើយសម្រាប់ការសាងសង់ជាតំបន់ឧស្សាហកម្មគួរមានទំហំយ៉ាងតិចក៏៥០ហិកតាដែរ។ ដីប្រភេទនេះគួរមានចម្ងាយចន្លោះពី៤០គីឡូម៉ែត្រ ទៅ៨០គីឡូម៉ែត្រ ពីកណ្តាលក្រុងភ្នំពេញ ព្រោះងាយនឹងទទួលបានផលចំណេញ នៅពេលក្រុងភ្នំពេញចេះតែត្រូវពង្រីកកាន់តែធំនាពេលអនាគត ដែលធ្វើឱ្យតម្លៃដីកាន់តែកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបញ្ជាក់បន្ថែមថា “ក្រៅពីនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ដីប្រភេទនេះត្រូវមានទីតាំងស្ថិតក្នុងតំបន់ ដែលមានបណ្តាញគមនាគមន៍ភ្ជាប់ទៅច្រកអន្តរជាតិ ឬកំពង់ផែសំខាន់ៗ។ តំបន់ទាំងនោះរួមមានដូចជាផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥។ល។ ដីប្រភេទនេះអាចនឹងប្រែក្លាយជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មក្នុងរយៈពេល២០-៣០ឆ្នាំខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here