កត្តា​សំខាន់ៗ​ចំនួន​៤ ​ជំរុញ​ឱ្យ​ទីផ្សារអចលនទ្រព្យ​នៅ​ក្នុង​តំបន់​អាស៊ាន​បន្ត​រក្សា​បាន​នូវ​ភាព​ធន់​

ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមខែតុលា ឆ្នាំ២០២៦ ទីផ្សារអចលនទ្រព្យអាស៊ាននៅតែរក្សាបាននូវភាពធន់ ដោយសារការរីកចម្រើននៃនគរូបនីយកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល។

យោងតាមក្រុមហ៊ុន Cushman & Wakefield ការវិនិយោគលើអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើង ១៦% ដល់ ២១,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់អ្នកវិនិយោគលើអចលនទ្រព្យឧស្សាហកម្ម ទីតាំងភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ។

ប្រទេសសិង្ហបុរីនៅតែបន្តដើរតួនាទីជាមជ្ឈមណ្ឌលវិនិយោគឈានមុខគេនៅក្នុងតំបន់ ខណៈដែលប្រទេសម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន កំពុងទាក់ទាញការវិនិយោគពាក់ព័ន្ធនឹងវិស័យផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់ក្នុងស្រុក។

ទោះជាយ៉ាងណា ទីផ្សារកំពុងប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួន រួមមានការចំណាយលើហិរញ្ញប្បទានខ្ពស់ ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ តម្លៃថាមពលដែលប្រែប្រួលមិនទៀងទាត់ និងភាពខុសគ្នានៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។

ទីផ្សារលំនៅឋានក៏ជួបប្រទះស្ថានភាពមិនប្រាកដប្រជាផងដែរ ដោយសារកង្វះលទ្ធភាពទិញ និងការផ្គត់ផ្គង់លំនៅឋានលើសតម្រូវការនៅក្នុងទីតាំងមួយចំនួន បានជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការ។

ជារួម អ្នកវិនិយោគកំពុងសម្រេចចិត្តដោយប្រុងប្រយ័ត្ន ដោយផ្តល់អាទិភាពលើអចលនទ្រព្យដែលមានទីតាំងល្អ ស្ថិរភាពប្រាក់ចំណូលពីការជួល មានបរិក្ខារទំនើប និងគម្រោងអភិវឌ្ឍន៍ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ព្រមទាំងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរយៈពេលវែង៕

ទីផ្សារលំនៅឋាន​នៅ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​យ៉ាងខ្លាំង ​ខណៈអត្រាការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​កើន​ឡើង​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋាននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយសារអត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងយ៉ាងគំហុក។

ការលក់ផ្ទះបានធ្លាក់ចុះ៧,៣ភាគរយបើធៀបនឹងខែសីហា និង១១,៣ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អត្រាការប្រាក់ជាមធ្យមលើប្រាក់កម្ចីទិញផ្ទះដែលមានអត្រាថេររយៈពេល ៣០ ឆ្នាំ បានកើនឡើងពីប្រហែល ៦,៨% នៅដើមខែកញ្ញា ដល់ ៧,៦% នៅចុងខែកញ្ញា ដែលធ្វើឱ្យការទិញផ្ទះកាន់តែមានភាពលំបាកផ្នែកហិរញ្ញវត្ថុ។

ការលក់លំនៅឋានបានធ្លាក់ចុះនៅទូទាំងប្រទេស ជាពិសេសការលក់លំនៅឋាននៅតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិកបានធ្លាក់ចុះ៨,២ភាគរយ និងការលក់លំនៅឋាននៅតំបន់ភាគខាងលិចបានធ្លាក់ចុះ៩,២ភាគរយ។

ទន្ទឹមនឹងនេះ ការចាប់ផ្តើមសាងសង់លំនៅឋានថ្មីបានធ្លាក់ចុះ ៤,៥៦% មកនៅត្រឹមចំនួន ៨៥៩.០០០ យូនីត ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ខណៈចំនួនលិខិតអនុញ្ញាតសាងសង់បានថយចុះ ៤% ដែលបង្ហាញថាសកម្មភាពសាងសង់នៅពេលអនាគតនឹងបន្តថមថយចុះ។

ទីផ្សារលំនៅឋាននៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងនៅតែបន្តធ្លាក់ចុះរហូតដល់ឆ្នាំ ២០២៧។ ក្រុមហ៊ុនសាងសង់លំនៅឋានជាច្រើនកំពុងបញ្ចុះតម្លៃ និងផ្តល់ជូននូវការលើកទឹកចិត្តផ្សេងៗដើម្បីទាក់ទាញអ្នកទិញ ដែលកត្តានេះបានដាក់សម្ពាធទៅលើប្រាក់ចំណេញរបស់ពួកគេ។

ទំនុកចិត្តរបស់អ្នកអភិវឌ្ឍន៍បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៤ឆ្នាំនៅក្នុងខែតុលា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីការធ្លាក់ចុះនៃការលក់ ការចាប់អារម្មណ៍របស់អ្នកទិញ និងការកើនឡើងនៃថ្លៃដើមសាងសង់។

ការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញផ្ទះ ការលំបាកផ្នែកហិរញ្ញវត្ថុក្នុងការទិញផ្ទះ និងការធ្លាក់ចុះនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ នៅតែបន្តធ្វើឱ្យអ្នកទិញស្ទាក់ស្ទើរ។

ជាលទ្ធផល សកម្មភាពសាងសង់លំនៅឋាន
ត្រូវបានគេរំពឹងថា នឹងនៅតែមានសភាពស្ងប់ស្ងាត់ ដែលអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ៕

 

អបអរសាទរៈ ​សេដ្ឋវិទូ កង ច័ន្ទតារារ័ត្ន​ត្រូវ​បាន​តែង​តាំង​ជាប្រធាន​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុនតូច ​និង​មធ្យម​

ដោយៈ ចំណាន

   ភ្នំពេញៈ ធនធានមនុស្សផ្នែកសេដ្ឋកិច្ចដ៏កម្ររបស់កម្ពុជា លោក​បណញឌិតកង ច័ន្ទតារារ័ត្នត្រូបានតែងតាំង ជាប្រធានអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ឋានៈស្មើរដ្ឋមន្ដ្រី។

យោងតាមព្រះរាជក្រិតបានបង្ហាញថា ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក កង ច័ន្ទតារារ័ត្ន ជាប្រធានអង្គភាពសម្របសម្រួល សហគ្រាសធុនតូច និងមធ្យម ឋានៈស្មើរដ្ឋមន្ដ្រី៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីគំនិតជាតិដែលខ្មែរគួររួមគ្នាដើម្បីអភិវឌ្ឍន៍

ដោយៈ ចំណាន

  ភ្នំពេញៈ មានអតីតកាលជានិស្សិតក្មេងវត្ត និងជាភ្នាក់ងារអចល​នវត្ថុធម្មតា រហូតក្លាយជាអ្នកអភិវឌ្ឈន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ ទាក់ទងឱកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាប្រធានក្រុមប្រឹក្សាភិបាលបុរីវិមាន សំណាង លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងតាមបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី២២ តុលា លើចំណុចសំខាន់ចំនួនបី ដូចជា ទី១ ពួកគេមកស្រុកយើង មិនចេះភាសាយើង មិនយល់ពីវប្បធម៌យើង បានចូលរួមអភិវឌ្ឍន៌ប្រទេសយើងតិចតួចណាស់ តែពួកគេអាចរកស៊ីបាន និងចំណេញលុយពីយើងច្រើនណាស់ រួចនាំទៅប្រទេសរបស់ពួកគេវិញ។

ទី២ ពួកយើងចេះភាសាយើងនិងចេះភាសាគេ យល់ពីវប្បធម៌យើងនិងវប្បធម៌គេ ពួកយើងស្រលាញ់ប្រទេសពួកយើងណាស់ ពួកយើងបានចូលរួមអភិវឌ្ឍន៌ប្រទេសយើងច្រើនណាស់ តែពួកយើងរកស៊ីមិនឈ្នះពួកគេ និងទី៣ សូមឈប់ធ្វើជាខ្សាច់ក្នុងចាន ហើយមកផ្គុំគ្នាជាប្លុងមួយ ដើម្បីដើរទៅមុខជាមួយគ្នា។

លោកឧកញ៉ាបណ្ឌិតបាន និងកំពុងបង្ហាញផែនការអភិវឌ្ឍន៍បុរី ខុនដូ សាលារៀន ផ្សារនៅក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៣០ឆ្នាំ ដោយគ្រោងសាងសង់ផ្ទះ និងខុនដូឲ្យបាន១០ម៉ឺនយូនីតនៅទូទាំងប្រទេស។

លោកឧកញ៉ាជាអ្នកអភិវឌ្ឍន៍ដំបូងគេ ដែលបាននាំយកបុរីលើកដំបូងនៅកម្ពុជាចូលផ្សារហ៊ុនកម្ពុជា។

បុរីវិមាន សំណាង សាងសង់លើផ្ទៃដីទំហំ២៥ហិកតា ជាបុរីដែលផ្តោតលើការសាងសង់វីឡាជាង៤០០ ដែលរចនាបទវីឡានិមួយៗត្រូវបានរចនាតាមបែបសហសម័យ ដែលផ្តល់ផាសុខភាព និងពន្លឺចេញចូលគ្រប់គ្រាន់ ពិសេសបុរីមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ ដែលអាចផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព ជាមួយនឹងការរៀបចំសួនច្បារ សួនបៃតង ហាងកាហ្វេ ដល់សហគមន៍ក្នុងបុរីនេះកាន់តែមានភាពកក់ក្តៅ និងមនោរម្យនាពេលអនាគត៕

ដំណឹងល្អ!​ គម្រោង​វារីអគ្គិសនី​តម្លៃ​ជាង​២០០​លាន​ដុល្លារ​គ្រោង​បើក​ដំណើរ​ការ​ចុង​ឆ្នាំ​នេះ​

ដោយៈ ម៉ាណា

   ភ្នំពេញៈ នាយកគ្រប់គ្រងទំនប់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់ទី១ លោក ហុង ស៊ូយ៉ុង បានបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនីដែលចំណាយទុនជាង២០០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ និងអាចដាក់ឱ្យដំណើរការជាផ្លូវការតែម្ដង។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងដំណើរបេសកកម្មផលិតនិងផ្សព្វផ្សាយព័ត៌មាន ពីតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់។ បេសកកម្មនេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លិនអ្នកកាសែតកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងដ៏សំខាន់មួយដែលមានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

ការសាងសង់វារីអគ្គិសនីនេះ បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតត្រឹមខែតុលា ឆ្នាំ២០២៦ ការសាងសង់សម្រេចបានប្រមាណ ៩០ភាគរយ។ ទំនប់វារីអគ្គិសនីនេះមានអានុភាព ៨០មេហ្គាវ៉ាត់ ហើយត្រូវបានគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦។

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ គម្រោងនេះបានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង។ នេះជាជំហានដ៏ចាំបាច់ មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត។ គម្រោងនេះមិនត្រឹមតែផ្តល់ប្រភពថាមពលស្អាត និងមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប្រយោជន៍ពហុវិស័យផងដែរ។

ទំនប់នេះអាចកាត់បន្ថយហានិភ័យ នៃជំនន់ទឹកភ្លៀងក្នុងក្រុងពោធិ៍សាត់យ៉ាងមានប្រសិទ្ធភាព ដោយអាចផ្ទុកទឹកបាន ១៥០០លានម៉ែត្រគីប។ លើសពីនេះ វាក៏បង្កើនសក្តានុពលស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ២០ម៉ឺនហិកតា ក្នុងរដូវប្រាំង (បន្ទាប់ពីបញ្ចប់គម្រោងទំនប់ស្ទាក់ទឹកទី២ ស្ទឹងអារ៉ៃ) បង្កើតជាគោលដៅទេសចរណ៍បែបធម្មជាតិថ្មី និងបង្កើតទីផ្សារការងារក្នុងតំបន់។

ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីវារីអគ្គិសនីស្ទឹងអាតៃ ដែលមានអានុភាព ១២០មេហ្គាវ៉ាត់ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០១៥៕

មន្រ្តី​បង្ហាញ​ពី​ផែន​ការ​មេគ្រប់ជ្រុង​ជ្រោយ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ​ និង​ភស្តុភារកម្មកម្ពុជា​នៅ​ប្រទេសចិន​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវដែលបានរៀបចំឡើងដោយ Export–Import Bank of China និងជាព្រឹត្តិការណ៍អមផ្លូវការនៃសន្និសីទ ប្រចាំឆ្នាំស្តីពី Financial Street Forum ឆ្នាំ២០២៦ ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរទស្សនទានពាក់ព័ន្ធ នឹងអនាគតនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

ក្នុងឱកាសនោះ លោកលឹម វិសាល បានជម្រាបជូនអំពីទស្សនវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, និងការបើកចំហកិច្ចសហប្រតិបត្តិការវិនិយោគក្រោមឆ័ត្រ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

លោកបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែង។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះ Export–Import Bank of China ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសហប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត១ប៊ីលានដុល្លារអាម៉េរិក សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុង Xiamen ខេត្ត Fujian។

គម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ នឹងក្លាយជាកម្លាំងចលករក្នុងការផ្លាស់ប្តូរមុខមាត់ប្រព័ន្ធភស្តុភារកម្មជាតិ ដោយរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រ​ងប្រព័ន្ធធនធានទឹក បង្កើនផលវារីវប្បកម្ម និងបង្កើតទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការឈានឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបានអញ្ជើញវិនិយោគិនអន្តរជាតិ ដែលមានវត្តមាននាឱកាសនេះធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងចាប់យកកាលានុវត្តភាពវិនិយោគនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមអនុវត្តគម្រោងដូចមានពិពណ៌នា ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័​ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងអាទិភាពចំនួន១៧៤គម្រោង ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ៣៦,៦ប៊ីលានដុល្លារអាមេរិក៕

ទីផ្សារអចលនទ្រព្យ​ឧស្សាហកម្មសិង្ហបុរី​បន្ត​បង្ហាញភាពធន់ ​ជាមួយ​នឹង​កំណើន​ទាំង​តម្លៃលក់​ និង​តម្លៃជួល​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅប្រទេសសិង្ហបុរីបានបន្តបង្ហាញពីភាពធន់ ជាមួយនឹងកំណើនប្រកបដោយស្ថិរភាពទាំងលើតម្លៃលក់ និងតម្លៃជួលនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៦ ខណៈការផ្គត់ផ្គង់ទីតាំងថ្មីៗជាច្រើននឹងលេចឡើងនាពេលខាងមុខ។

នៅត្រីមាសទី៣ សន្ទស្សន៍តម្លៃអចលនទ្រព្យឧស្សាហកម្មទាំងអស់នៅទូទាំងកោះសិង្ហបុរីបានកើនឡើង ១,០% បើធៀបនឹងត្រីមាសទី២ និង ៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលតម្រូវការនៅតែមានស្ថិរភាព ហើយអត្រាការប្រាក់មានកម្រិតទាប។

ទន្ទឹមនឹងនេះ គេសង្កេតឃើញថា ទំហំប្រតិបត្តិការទិញលក់អចលនទ្រព្យឧស្សាហកម្មទាំងអស់នៅក្នុងត្រីមាសទី៣ បានកើនឡើង ៨,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី Tridiana Ong ប្រធានផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank Singapore បានកត់សម្គាល់ថា ការវិនិយោគសរុបបានកើនឡើងពី ១,៤ ពាន់លានដុល្លារ ដល់ ២,០ ពាន់លានដុល្លារ។ កំណើននេះត្រូវបានជំរុញដោយកិច្ចព្រមព្រៀងធំៗមួយចំនួន ដែលទើបនឹងដាក់លក់ថ្មីៗនេះ។

នៅក្នុងទីផ្សារជួល សន្ទស្សន៍ថ្លៃជួលទីតាំងឧស្សាហកម្មទាំងអស់បានកើនឡើងចំនួន ០,៥% បើធៀបនឹងត្រីមាសទី២ និង ២,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកម្រិតកំណើននេះស្របគ្នាទៅនឹងអត្រាអតិផរណា។

និន្នាការនៃកំណើនប្រកបដោយស្ថិរភាពនេះ ត្រូវបានគាំទ្រពីតម្រូវការសកលសម្រាប់គ្រឿងអេឡិចត្រូនិក (semiconductors) ដែលកើតចេញពីការវិនិយោគជាបន្តបន្ទាប់ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕

កម្ពុជា​ពិភាក្សា​ការងារ​ជាមួយ​នាយកដ្ឋាន​វិនិយោគ​ក្រៅ​ប្រទេស ​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ក្រសួងពាណិជ្ជកម្ម​ចិន​

ដោយៈ ម៉ាណា

ប្រទេសចិនៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Cao Wen អគ្គនាយករងនៃនាយកដ្ឋានវិនិយោគក្រៅប្រទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេរទិស ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋនៃសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកើតចេញពីការអនុវត្ត ប្រកបដោយជោគជ័យនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឈានទៅសម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ជាមួយគ្នានេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្ត ទាក់ទិ​ននឹងកំណើនគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងតួនាទីដ៏សំខាន់របស់វិនិយោគិនចិន ដែលបន្តឈរជើងជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីបើកច្រកទីផ្សារឱ្យកាន់តែទូលំទូលាយ និងបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការថែទាំវិនិយោគិន ព្រមទាំងបានឯកភាពបន្តពង្រឹងយន្តការ ពិគ្រោះយោបល់ទៀងទាត់ តាមរយៈថ្នាលសំខាន់ៗ មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន។ កិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន, និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

 

តម្លៃផ្ទះនៅតាមទីក្រុងធំៗរបស់អូស្ត្រាលីធ្លាក់ចុះ ជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងទីក្រុងធំៗទាំងអស់ (capital) របស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២៦។

តម្លៃផ្ទះជាមធ្យមនៅទីក្រុងធំៗទាំងនោះ បានធ្លាក់ចុះ ៤,៧ ភាគរយចន្លោះខែមិថុនាដល់ខែកញ្ញា ដែលជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុតមិនធ្លាប់មាន ខណៈដែលតម្លៃខុនដូ ឬអាផាតមុិន (units) ជាមធ្យមបានធ្លាក់ចុះ ៣,៥ ភាគរយ។

នេះជារយៈពេល២ត្រីមាសជាប់ៗគ្នាដែលតម្លៃអចលនទ្រព្យទាំងពីរប្រភេទបានធ្លាក់ចុះ ហើយកំណើនតម្លៃប្រចាំឆ្នាំបានធ្លាក់ចុះដល់កម្រិតអវិជ្ជមានជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំ។ តម្លៃផ្ទះនៅក្នុងទីក្រុង (capital) របស់រដ្ឋ និងដែនដីទាំង ៨ នៅក្នុងប្រទេសអូស្ត្រាលី បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។

នៅទីក្រុងស៊ីដនី ដែលជាទីផ្សារអចលនទ្រព្យមានតម្លៃថ្លៃបំផុតរបស់ប្រទេសអូស្ត្រាលី តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ ៤,៧ ភាគរយនៅក្នុងត្រីមាសទី៣ មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ។

ទីក្រុង Perth ដែលជារដ្ឋធានីនៃរដ្ឋ Western Australia បានជួបប្រទះការធ្លាក់ចុះនៃតម្លៃផ្ទះចំនួន ៧,៤ ភាគរយ និងតម្លៃខុនដូ (ឬអាផាតមិន) ចំនួន ៦,៥ ភាគរយ ក្នុងត្រីមាសទី៣។ តួលេខទាំងនេះជាការធ្លាក់ចុះខ្លាំងបំផុត បើធៀបនឹងរដ្ឋធានីផ្សេងៗទៀត។

ការធ្លាក់ចុះនៃតម្លៃផ្ទះនៅទូទាំងប្រទេសអូស្ត្រាលីនឹងធ្វើឱ្យទំនុកចិត្តរបស់អ្នកទិញថយចុះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់ សម្ពាធនៃការចំណាយលើការរស់នៅ និងវិធានការរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការកាត់បន្ថយការអនុគ្រោះពន្ធសម្រាប់អ្នកវិនិយោគលើអចលនទ្រព្យ៕

ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ ​និង​ភស្តុភារកម្ម​កម្ពុជា​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ទឹក​សំខាន់ៗ​ចំនួន​៤​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្តីទី បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jose Carlos Edo Monfort អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពលរបស់ADB ស្ដីពីការពិគ្រោះយោបល់ពាក់ព័ន្ធនឹងវិស័យរ៉ែ និងបច្ចេកវិទ្យាថាមពលស្អាតនៅកម្ពុជា។

ជំនួបពិភាក្សានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលើលទ្ធភាព នៃការគាំទ្រផ្នែកបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់ការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា និងការសិក្សាបន្ថែមអំពីផែនការអភិវឌ្ឍន៍ របស់បណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាធាតុចូល សម្រាប់ការរៀបចំគម្រោងនេះឡើង ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញបន្ថែមនូវការវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំផែនទី ព័ត៌មាន និងទិន្នន័យនៃវិសាលភាពធនធានរ៉ែ និងការវិនិយោគលើវិស័យរ៉ែ និងថាមពលនៅកម្ពុជា។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមក និងការផ្សារភ្ជាប់ក្រសួងទៅនឹងការសិក្សារៀបចំគម្រោងនេះ។ ទន្ទឹមនេះ លោកជំទាវបានស្នើឱ្យភាគីADB ពិនិត្យបញ្ចូលបន្ថែមនូវតម្រូវការគាំទ្រណា ដែលទាមទារឱ្យមានការចូលរួមពីក្រសួងសាធា រណការ និងដឹកជញ្ជូន ដើម្បីឱ្យក្រសួងមានលទ្ធភាពធានានូវសង្គតិភាពរវាងផែនការអភិវឌ្ឍន៍របស់ខ្លួន ជាមួយនឹងគម្រោង ជាពិសេសការអភិវឌ្ឍន៍ច្រករបៀង និងភស្តុភារកម្ម។

លោកជំទាវ កុយ សុដានី
លោកជំទាវ កុយ សុដានី

លោកជំទាវរដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបជូនដោយសង្ខេបទៅកាន់ភាគីADB អំពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ និងគម្រោងអាទិភាពមួយចំនួនទៀតរបស់ក្រសួង រួមមានដូចជា៖

(១)គម្រោងគ្រប់គ្រងធនធាន ទឹកចម្រុះហ្វូណនតេជា

(២) គម្រោងជីកស្តារ និងកែលម្អផ្លូវទឹកទន្លេសាបពីភ្នំពេញ ទៅកំពង់ឆ្នាំង

(៣) គម្រោងរៀបចំផែនការជាតិស្តីពី ការកំណត់តំបន់អភិវឌ្ឍន៍កំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង (៤) គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់វិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា។

លោកជំទាវរដ្ឋមន្រ្តីស្ដីទី ក៏បានបញ្ជាក់ពីការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការជំរុញដល់ការសិក្សារៀបចំ និងអនុវត្តគម្រោងខាងលើនេះ៕

លោក Jose Carlos Edo Monfort អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពលរបស់ADB
លោក Jose Carlos Edo Monfort អ្នកជំនាញជាន់ខ្ពស់ផ្នែកថាមពលរបស់ADB