ដោយៈសុខុម
ញូវយ៉ក: ក្រុមហ៊ុនបច្ចេវិទ្យាខ្នាតយក្ស Apple របស់អាមេរិក បានបាត់បង់តំណែង ជាក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោក ស្របពេលវិនិយោគិន សម្រុកលក់ចេញភាគហ៊ុនបច្ចេកវិទ្យាយ៉ាងគំហុក។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា នេះ។
ផ្ទុយមកវិញ ក្រុមហ៊ុនផលិតប្រេង និងឧស្ម័ននៃប្រទេសអារ៉ាប៊ីសាអូឌីត Aramco បានដណ្តើមតំណែងកំពូលនេះ ពីក្រុមហ៊ុន Apple ដែលជាអ្នកផលិត iPhone ដ៏ល្បីល្បាញជាលើកដំបូងក្នុងរយៈពេលជិត២ឆ្នាំមកនេះ។
វិនិយោគិនបាន និងកំពុងសម្រុកលក់ចេញភាគហ៊ុន ក្នុងក្រុមហ៊ុនប ច្ចេកវិទ្យាយក្សមួយនេះ ដើម្បីបង្វែរការវិនិយោគរបស់ខ្លួន ទៅលើទ្រព្យសកម្មដែលមានហានិភ័យតិច។
ទន្ទឹមនេះ រូបិយប័ណ្ណឌីជីថល Bitcoin និងរូបិយប័ណ្ណឌីជីថលសំខាន់ៗផ្សេងទៀតក៏បានបន្តដាំក្បាលចុះយ៉ាងខ្លាំងផងដែរ។
ភាគហ៊ុនក្នុងក្រុមហ៊ុន Apple បានធ្លាក់ចុះជាង៥ភាគរយ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១១ ខែឧសភា ដោយតម្លៃសរុបរបស់ខ្លួន នៅលើទីផ្សារភាគហ៊ុន បានធ្លាក់ចុះមកនៅត្រឹម២,៣៧ទ្រីលានដុល្លារ។
កត្តានេះបានធ្វើឱ្យ Apple បាត់បង់តំណែងជាក្រុមហ៊ុនមានតម្លៃបំផុតក្នុងពិភពលោក ហើយតំណែងកំពូលនេះ ធ្លាក់ទៅលើក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន Aramco ដែលមានតម្លៃ២,៤២ទ្រីលានដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះខ្លាំងរហូតដល់ទៅជិត២០%ចាប់តាំងពីដើមឆ្នាំមក បន្ទាប់ពីបណ្ដាវិនិយោគិនសម្រុកលក់ចេញភាគហ៊ុនបច្ចេកវិទ្យា៕ BBC៕