កិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នឹងអាចទាក់ទាញការវិនិយោគពីអាមេរិកលើវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក ធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។

ជាមួយនឹងដំណើរចចូលរូម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរបស់សម្តេចតេជោ នឹងជាការបង្ហាញនូវមុខមាត់ កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ស្របពេលអ្នកវិនិយោគកម្ពុជាជាច្រើនបានអមដំណើរសម្តេច ដើម្បីស្វែងរកឱកាស និងចាប់ដៃគូវិនិយោគជាមួយវិនិយោគិនអាមេរិក។

នៅក្នុងដំណើរចូលរួមកិច្ចប្រជុំ របស់ប្រតិភូកម្ពុជាទៅអាមេរិកនេះដែរ មន្ត្រីជាន់ខ្ពស់កម្ពុជា ដែលអមដំណើរបានជួបជាមួយវិនិយោគិនអាមេរិក និងបង្ហាញពីសក្ដានុពលវិនិយោគរបស់កម្ពុជា ទៅកាន់វិនិយោគិនអាមេរិកដើម្បីទាក់ទាញការវិនិយោគរបស់អាមេរិកមកកម្ពុជា។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបជាមួយតំណាងក្រុមហ៊ុនលក់រាយដ៏ធំមួយរបស់អាមេរិក និងជាអ្នកបញ្ជាទិញទំនិញពីកម្ពុជាធំមួយផងដែរ ។ ហើយក្រុមហ៊ុននេះ បានបញ្ជាក់ថា គ្រោងនឹងមកកម្ពុជាដើម្បីស្វែងរកការវិនិយោគនានានៅកម្ពុជាទៀតផង ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា បើយើងសង្កេតមើលជាក់ស្ដែង អ្នកវិនិយោគពីអាមេរិកមកកាន់កម្ពុជា នាពេលកន្លងមកមានចំនួនតិចតួចនៅឡើយ ដោយភាគច្រើននៃអ្នកអភិវឌ្ឍន៍នៅកម្ពុជាមកពីតំបន់អាស៊ី អឺរ៉ុប ហើយអាមេរិកជាអ្នកអភិវឌ្ឍន៍កម្ពុជាមកក្រោយគេ។

អ្នកស្រីបន្តថា “បើសិនជាយើងផ្ដល់កិច្ចសហការ និងមានយុទ្ធសាស្ត្រណាមួយដើម្បីទាក់ទាញ វិនិយោគិនអាមេរិក មកកាន់កម្ពុជា វាគឺជាចំណុចវិជ្ជមាន និងធ្វើឱ្យកម្ពុជាទទួលបានការវិនិយោគ ពីបរទេសកាន់តែច្រើនបន្ថែមទៀត”។ អ្នកស្រីបន្តថា “យ៉ាងណាមិញក្នុងពេលនេះ ប្រទេសមួយចំនួន ក៏កំពុងជាប់ដៃស្ដារប្រទេសខ្លួនពីវិបត្តិកូវីដ១៩ ដូច្នេះនៅពេលគេស្ដារប្រទេសរៀបចំប្រទេសឡើងវិញបាន អ្នកវិនិយោគរបស់ពួកគេនឹងចេញក្រៅប្រទេសដើម្បីបណ្ដាក់ទុនវិនិយោគតាមប្រទេសនីមួយៗ”។

សម្ដេចតេជោហ៊ុន សែនននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយអតីតសមាជិកសភាអាមេរិកក៏បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក និងបានជំរុញឱ្យទំហំពាណិជ្ជកម្មកម្ពុជា អាមេរិកកាន់តែមានកំណើន ហើយកម្ពុជា ក៏មិនដែលចាត់ទុកប្រទេសណាមួយ ជាសសត្រូវរបស់ខ្លួនដែរ ។

សម្តេចបន្តថា “កម្ពុជាចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ មិនថាអាមេរិក ចិននិងប្រទេសនានាលើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here