តើអ្វីនៅពីក្រោយភាពជាប់គាំងលើសំណើរបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មហ៊ុមព័ទ្ធប្រេងរុស្ស៊ី?

0

ដោយ​:សុខុម

អឺរ៉ុបៈ សហភាពអឺរ៉ុប កំពុងស្នើដាក់ទណ្ឌកម្មហ៊ុមព័ទ្ធ ប្រេងរុ  ស្ស៊ី ទ្រង់ទ្រាយធំជាលើកដំបូង ខណៈរដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្តភ្លើងសង្រ្គាមឈ្លានពានរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

សហភាពអឺរ៉ុប សង្ឃឹមថា អឺរ៉ុប នឹងឈប់នាំចូលប្រេងរុស្ស៊ី នៅត្រឹមដំណាច់ឆ្នាំនេះ។ ទោះជាយ៉ាងណា សំណើនេះនៅតែបន្តជាប់គាំង ដោយសារប្រទេសជាសមាជិកមួយចំនួនមិនយល់ស្រប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (European Commission) បានប្រកាសសេចក្ដីលម្អិតនៃកញ្ចប់ទណ្ឌកម្មជុំទី៦ ដែលគ្រោងដាក់លើប្រទេសរុស្ស៊ី កាលពីថ្ងៃទី៤ ខែឧសភា ដែលរួមបញ្ចូលទាំងវិធានការប្រេងដ៏មោះមុតផងដែរ។

ទោះជាយ៉ាងណា នៅពេលសំណើនេះ ត្រូវបានប្រកាសភ្លាម ប្រទេសហុងគ្រី និងប្រទេសស្លូវ៉ាគី បានជំទាស់ដាច់ខាត។

លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងថា ចំណាត់ការនេះ នឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសលោក ហើយផ្ទុយមកវិញលោកបានស្នើឡើងថា ប្រេងរុស្ស៊ី ដែលបញ្ជូនបំពង់បង្ហូរ គួរតែត្រូវបានលើកលែងពីបម្រាម ដែលអនុវត្តតែទៅលើប្រេងដឹកជញ្ជូនតាមសមុទ្រ។

កាលពីឆ្នាំ២០២១ ប្រទេសហុងគ្រី បាននាំចូលប្រេង៧៥%នៃតម្រូវការសរុបរបស់ខ្លួនពីប្រទេសរុស្ស៊ី ខណៈប្រទេសស្លូវ៉ាគី នាំចូលប្រេង១០០% នៃតម្រូវការសរុបរបស់ខ្លួនពីប្រទេសរុស្ស៊ី។

ពេលនេះគណៈកម្មការអឺរ៉ុប ចង់ឱ្យគ្រប់ប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ឈប់នាំចូលប្រេងឆៅរុស្ស៊ី ទាំងអស់ក្នុងរយៈពេល៦ខែ ហើយនាំចូលតែផលិតផលចម្រាញ់រួច ដូចជាប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត ឬប្រេងកាតចូលក្នុងសហភាពអឺរ៉ុប ត្រឹមដំណាច់ឆ្នាំនេះ។

លើសពីនេះទៀត សហភាពអឺរ៉ុប ថែមទាំងស្វះស្វែងដាក់បម្រាមលើក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងនានាមិនឱ្យរកស៊ីពាក់ព័ន្ធប្រេងរុស្ស៊ី ទៀតផង។

ទណ្ឌកម្មភាគច្រើនរបស់សហភាពអឺរ៉ុប ដាក់លើប្រទេសរុស្ស៊ី រហូតមកទល់ពេលនេះ បានកើតចេញពីសេចក្តីសម្រេច និងបទ     ប្បញ្ញត្តិរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU Council) និងជាការធ្វើវិសោធនកម្មជាពិសេស ទៅលើទណ្ឌកម្មដាក់លើរុស្ស៊ី បន្ទាប់ពីប្រទេសនេះបានកាត់បញ្ចូលតំបន់គ្រីមៀ ក្នុងប្រទេសអ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ២០១៤។

ចាប់តាំងរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះមក ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបន្តធ្វើវិសោធនកម្មសេចក្តីសម្រេចទាំងនេះ និងបទប្បញ្ញត្តិដែលភ្ជាប់ទៅជាមួយដែលអាចអនុវត្តបាន ស្របតាមច្បាប់របស់សហភាពអឺរ៉ុប។

សម្រាប់លោកស្រី Ursula von der Leyen ដែលជាប្រធានគណៈកម្មការអឺរ៉ុប ចង់ឱ្យឈានដល់ការអនុវត្ត “បម្រាមទាំងស្រុង” លើប្រេងរុស្ស៊ី។

ទោះជាយ៉ាងណា ប្រទេសជាសមាជិកទាំង២៧ ត្រូវបោះឆ្នោតជាឯកច្ឆ័ន្ទលើលក្ខខណ្ឌមួយចំនួន ធ្វើវិសោធនកម្មបន្ថែមទៀតលើសេចក្ដីសម្រេចមុនៗ និងអនុញ្ញាតឱ្យគណៈកម្មការអឺរ៉ុប ដើរតួនាទីជាអ្នកអនុវត្តន៍ច្បាប់ដ៏សំខាន់៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here