វត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មកំពុងជំរុញសក្តានុពលផ្លូវជាតិលេខ១មិនចាញ់តំបន់កណ្តាលក្រុង

0

ដោយ៖ សុផារី

ភ្នំពេញ៖ វត្តមានគម្រោងលំនៅឋាន ផ្សារទំនើប និងមជ្ឈមណ្ឌលកំសាន្តជាច្រើន នៅតាមផ្លូវជាតិលេខ១ កំពុងតែរីកដុះដាលជាបន្តបន្ទាប់ និងបានកែប្រែតំបន់នេះក្លាយទៅជាតំបន់មួយដ៏ស៊ីវិល័យ និងទំនើបមិនចាញ់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្ដាលទីក្រុងឡើយ។

ផ្លូវជាតិលេខ១នេះស្ថិតនៅក្នុងគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១របស់ចិន និងបានលាតត្រដាងនូវវត្តមានសំណង់អគារពាណិជ្ជកម្ម និងបុរីជាច្រើននៅទីនោះ ដោយសារតែតំបន់នោះមានសក្តានុពលខ្ពស់ និងមានភាពងាយស្រួលក្នុងការរស់នៅខ្យល់អាកាសល្អ និងត្រជាក់ត្រជុំ ដែលជាទីប្រាថ្នារបស់អ្នក ដែលចង់បានលំនៅដ្ឋានសម្រាប់រស់នៅ។

គេឃើញមានវត្តមាន នៃផ្សារសហគមន៍បែបទំនើប បែបស៊ីវិល័យ ដូចជា The Park Community Mallដែលចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីស្ពានច្បារអំពៅ ជាទីប្រមូលផ្តុំដោយភោជនីយដ្ឋានទំនើបៗ ហាងលក់សម្លៀកបំពាក់ និងហាងទំនិញផ្សេងៗទៀតផង។ ក្រៅពីនេះ គម្រោងផ្សារទំនើប ECO Mall ដែលជាផ្សារទំនើបដ៏ធំបែបចម្រុះមួយ មានទំហំផ្ទៃដី៦ហិចតា ក៏បាននាំយកមកនូវភាពសម្បូរបែប ជាមួយនឹងបែបផែនជីវិតទំនើបទាន់សម័យ និងពេញនិយមផងដែរ។

ជាពិសេស គម្រោងក៏ធំមហិមាមួយទៀត ដែលបាននឹងកំពុងជំរុញសក្តានុពលតំបន់ផ្លូវជាតិមួយនេះគឺ គម្រោងទីក្រុងរណបថ្មីនៅលើដីកោះនរា ដែលកំពុងត្រូវបានត្រូវបានកែប្រែមុខមាត់ថ្មី ដោយក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ដ៏ធំរបស់កម្ពុជា។

បន្ថែមលើសនេះ គម្រោងធំមួយទៀត ដែលបានលេចរូបរាង គឺ គម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort) របស់ក្រុមហ៊ុនព្រីនស៍ ដែលជាក្រុមហ៊ុនយក្សមួយធ្លាប់វិនិយោគលើវិស័យខុនដូ សណ្ឋាគារ ធនាគារ និងអគារពាណិជ្ជកម្ម ក៏បានបោះទុនវិនិយោគ លើមជ្ឈមណ្ឌលកម្សាន្តនេះ លើទឹកដីកោះប្រាក់ តាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល លើផ្ទៃដីជាង១៣ហិកតា។

គម្រោងបុរីធំៗនានាក៏បាន និងកំពុងលេចរូបរាង និងកែប្រែតំបន់នេះទៅជាតំបន់អ៊ូអរមួយ ដូចជា បុរីប៉េងហួត បុរី KS Resident បុរីហេងមានជ័យ បុរីហាយធិច បុរីសម្បត្តិមានហេង បុរីលឹមឈាងហាក់ បុរីមង្គលភ្នំពេញ និងសំណង់លំនៅដ្ឋានផ្សេងៗទៀតផងដែរ ។ ក្រៅពីគម្រោងទាំងនោះក៏មានសំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ធនាគារ និងកន្លែងកម្សាន្តតូចធំ កំពុងតែមានសន្ទុះកើនឡើងផងដែរ។

លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍កាលពីពេលថ្មីៗនេះថា តំបន់ភាគខាងកើត នៃក្រុងភ្នំពេញ សំដៅលើទីតាំងតំបន់ខណ្ឌច្បារអំពៅ និងកៀនស្វាយ គឺជាទីតាំងក៏មានសក្តានុពលលើការអភិវឌ្ឍតំបន់លំនៅដ្ឋាន និងទេសចរណ៍ ព្រោះទីតាំងនេះស្ថិតនៅតាមដងទន្លេ និងមានដើមឈើច្រើន មានខ្យល់អាកាសបរិសុទ្ធល្អ សាកសមបំផុតសម្រាប់ការរស់នៅ និងការកំសាន្ត។

លោក MJ Cheng ប្រធានក្រុមផ្នែកទីផ្សារនិងលក់ នៃគម្រោងបុរីមង្គលភ្នំពេញ បានមានប្រសាសន៍ប្រាប់ Property Area Asia ថា តំបន់នេះជាទីតាំងសក្តានុពល ដោយសារទី១ ផ្លូវជាតិលេខ១នេះជាច្រកអន្តរជាតិរបស់អាស៊ានភ្ជាប់ទៅកាន់ក្រុងបាវិត ជាផ្លូវសម្រាប់ភ្ជាប់ការនាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងវៀតណាម ដោយក្រុមអ្នកជំនួញរកស៊ីភ្នំពេញ-បាវិត គឺត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ។

លោកថា “វាជាច្រកអន្តរជាតិ ដូច្នេះមានមនុស្សរស់នៅច្រើន មនុស្សចេញចូលច្រើន។ ការរស់នៅម្តុំនេះ ចាត់ទុកថាជាចំណុចកណ្ដាល ដែលមានភាពងាយស្រួលក្នុងការចេញចូល”។

សក្តានុពលទី២ គឺ វាមានទីតាំងនៅជិតផ្លូវក្រវាត់ក្រុងទី២ និងផ្លូវក្រវាត់ក្រុងទី៣ ជាពិសេសនៅជិតផ្លូវក្រវាត់ក្រុងទី២ជាងគេ។

ម្យ៉ាងទៀត សក្តានុពលទី៣ ជំរុញដោយ គម្រោងស្ពានកោះពេជ្រ-កោះនរាហ៍ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំក្រោយ ដែលគម្រោងក៏សំខាន់មួយនេះនឹងភ្ជាប់ផ្លូវចូលទៅកាន់រាជធានីភ្នំពេញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។

លោកថា “ស្ពានកោះនរាហ៍ភ្ជាប់ទៅកោះពេជ្រ នៅពេលសាងសង់ហើយ នឹងបង្គើតជាផ្លូវចូលទៅកាន់ក្រុងកាន់ តែឆាប់រហ័សបន្ថែមទៀត។ ស្ពានកោះនរាហ៍ឆ្នាំក្រោយនឹងហើយៗ ដូច្នេះនឹងប្រែប្រួលខ្លាំង នៅពេលមានស្ពានហើយ”។

ផ្លូវជាតិលេខ១ មានប្រវែងសរុប១៦៧គីឡូម៉ែត្រ (ភ្នំពេញ-អ្នកលឿងប្រវែង៥៦គីឡូម៉ែត្រ និងអ្នកលឿង-បាវិតប្រវែង១១១ គីឡូម៉ែត្រ) ត្រូវបានស្ថាបនាឡើងវិញ ដោយកម្ចីហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមមានការសាងសង់ស្ពានអ្នកលឿង ដែលជាស្ពានខ្សែកាប និងវែងជាងគេបង្អស់នៅកម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here