ការផ្លាស់ប្តូរសេដ្ឋកិច្ចពីការពឹងលើកសិកម្ម ទៅឧស្សាហកម្ម ហិរញ្ញវត្ថុនឹងធ្វើឱ្យតម្រូវការអចលនទ្រព្យកើនឡើង

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ និន្នាការសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរបន្តិចម្ដងៗ រហូតទទួលបានជោគជ័យគួរជាមោទនៈ ដោយបានផ្លាស់ប្តូរការធ្វើកសិកម្ម ទៅជាឧស្សាហកម្មបណ្តើរៗ។

បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជា ក៏បានធ្វើពិពិធកម្មបន្ថែមទៀត ដោយបាន​ផ្លាស់ប្តូរទៅរកវិស័យសេវាកម្ម ធនាគារហិរញ្ញវត្ថុ និងឧស្សាហកម្មធុនធំដែលមានតម្លៃបន្ថែមខ្ពស់។ ការផ្លាស់ប្តូរនៃសេដ្ឋកិច្ចនេះ បានធ្វើឱ្យតម្រូវការដីធ្លីនិងអចលនទ្រព្យកាន់តែមានកំណើនឡើងបន្ថែមទៀត ។

លោកវ៉ា វីរៈអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna បានមានប្រសាសន៍ឱ្យដឹងថា នៅពេលដែលយើងបានផ្លាស់ប្តូរ របៀបនៃការគ្រប់គ្រងសេដ្ឋកិច្ច ពីការពឹងផ្អែកទៅលើវិស័យកសិ​កម្ម ទៅរកវិស័យឧស្សាហកម្ម បន្ទាប់មកងាកទៅរកធនាគារ និងហិរញ្ញវត្ថុគឺពិតជាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំច្រើន។

លោកបន្តថា “នៅពេលដែលវិស័យឧស្សាហកម្ម វិស័យធនាគារនិងហិរញ្ញវត្ថុមានការរីកចម្រើន គឺពិតប្រាកដហើយនឹងមានតម្រូវការលើអចល​នទ្រព្យ ដូចជាដីធ្លី សម្រាប់សាងសង់រោងចក្រឧស្សាហកម្ម ទីតាំងសម្រាប់ការិយាល័យស្ថាប័នធនាគារនិងហិរញ្ញវត្ថុជាដើម”។ លោកបន្តថា “ជាក់ស្ដែងដូចយើងបានឃើញស្រាប់ហើយ នៅក្នុងរាជធានីភ្នំពេញ យើងឃើញតម្លៃអចលនទ្រព្យដីធ្លី មានកំណើនកាន់តែខ្ពស់ ក្នុងរយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំចុងក្រោយនេះ “។

លោកវ៉ា វីរៈបានបន្ថែមថា បច្ចុប្បន្ននេះតំបន់ ដែលសមស្របបំផុតសម្រាប់ទីតាំងឧស្សាហកម្ម គឺទិសខាងលិចទន្លេមេគង្គ ដូចជា នៅខេត្តកណ្ដាល កំពង់ស្ពឺ ខេត្តព្រះសីហនុ និងតាកែវជាដើម ដោយសារតែទីតាំងមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញចេញចូលប្រទេស ព្រោះកំពង់ទឹកជ្រៅរបស់កម្ពុជា ដែលជាច្រកសំខាន់ក្នុងការនាំចេញទំនិញ គឺប៉ែកនិរតីនៃប្រទេសកម្ពុជា ។

ជាមួយគ្នានេះ លោកប៊ូ សេងហូរ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការដីធ្លីសម្រាប់សាងសង់ ជារោងចក្រ ឧស្សាហកម្ម នៅក្នុងខេត្តកំពង់ស្ពឺ នៅតែមាន ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយក្ដី ។

លោកបន្តថា “បន្ទាប់ពីស្ថានភាពកូវីដ១៩ បានត្រលប់ទៅភាពដើមវិញ លោករំពឹងថា កំនើនវិនិយោគិនទៅកាន់ខេត្តកំពង់ស្ពឺ នឹងកាន់តែមានច្រើនឡើង ទាំងវិនិយោគិនជាតិនិងអន្តរជាតិ ហើយនឹងធ្វើឱ្យតម្រូវការដីធ្លី ក៏កាន់តែមានកំណើន ជាមួយតម្លៃក៏នឹងឡើងបន្តទៀតផងដែរ”។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយថ្មីៗ ជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងអាចបត់បែនតាមតាមនិន្នាការវិ​វត្តន៍របស់សេដ្ឋកិច្ចពិភពលោក ពិសេសការទាញយកតម្លៃ និងបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here