ដោយៈ គង់ សូរិយា
សហរដ្ឋអាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិនបានសម្តែងបានចូល រួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល បានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបាន ទទួលមរណភាពដោយសាជំងឺគាំងបេះដូង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកចូ បៃដិន គួរបញ្ជាក់ថា រយៈពេល៤៥ឆ្នាំហើយ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយអាស៊ាន ហើយកិច្ចប្រជុំ កំពូលពិសេសអាមេរិកអាស៊ានលើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានី វ៉ាស៊ីនតោន។
លោកបន្តថា “ជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ”។លោកបន្តថា “អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិក និងអាស៊ានហើយការដែលឯកឧត្តមប្រធានាធិបតី ទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន”។
បន្ទាប់មកនៅក្នុងពិធីលាងសាយភោជន៍ រៀបចំដោយលោក ប្រធានាធិបតី សម្ដេចតេជោ បានមាន ប្រសាសន៍នៅក្នុងឱកាសនោះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ សូមថ្លែងអំណរគុណចំពោះ លោកចូ បៃឌិន ដែលបានផ្ដល់នូវបដិសណ្ឋារកិច្ច ដ៏កក់ក្ដៅដល់រូបសម្ដេច នឹងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេស អាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅរបស់យើងនៅសហរដ្ឋអាមេរិក និងជាពិសេសការ រៀបចំនូវពិធីលាងសាយភោជន៍ដ៏ប្រពៃសម្រាប់ថ្ងៃនេះផង។
សម្តេចបានគូសបញ្ជាក់ផងដែរថា នៅឆ្នាំ នេះគឺជាខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនា រវាងអាស៊ានសហរដ្ឋអាមេរិក ហើយពេលនេះជាវិធី មួយដ៏ស័ក្តិសម ដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃភាពជាដៃគូដ៏យូរអង្វែងរបស់យើង។
សម្តេចបានបន្តថា “ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើង ដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នា ទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយនិងជាពិសេស បានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យ”។
នៅក្នុងឱកាសនេះដែរសម្តេចតេជោ ក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងថ្ងៃ នេះដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ចំនួន១លាននាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយសម្ដេចក៏សូមចូលរួមសំដែង សាមគ្គីភាពដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្នុងឱកាសនេះ។
សម្ដេចតេជោបានមានប្រសាសន៍ថា “នាពេលនេះយើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយ ដែលអាស៊ានសហរដ្ឋអាមេរិកធ្វើការរួមគ្នា ដោយការខិតខំប្រឹងប្រែង ដែលនឹងជួយពង្រឹងទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ”។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបាន ជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតី ដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាព ប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួល ស្គាល់តួនាទីប្រកបដោយភាពវិជ្ជមាន របស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើសម្រាប់តំបន់។ ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានាធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាន អាស៊ាននៅឆ្នាំនេះ។
សម្តេចតេជោបានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាង លឿននៃការឈានឆ្ពោះ ទៅរកប្រយោជន៍រួមតែមួយ សម្ដេចតេជោ សូមយកឱកាសនេះអញ្ជើញលោក ប្រធានាធិបតីដោយផ្ទាល់ ចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។
ដោយឡែកប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ាន អាមេរិកនេះបានលើកឡើងថា ឥឡូវនេះយើងនឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន ជាមួយសហរដ្ឋអាមេរិក ដែលយើងនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងអាស៊ានអាមេរិកនេះ មានន័យថា នេះជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌ អាស៊ាន។
សម្ដេចតេជោក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់ នៅក្នុងពិភពលោកហើយតួនាទីនេះ ប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ នោះសេដ្ឋកិច្ចពិភពលោក ក៏ល្អប្រសើរផងដែរហើយ។លើសពីនេះ កន្លងមកអាមេរិកបានដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនៅកូវីដ-១៩ ក្នុងការផលិតវ៉ាក់សាំងជាដើម។
នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានអរគុណដល់ប្រធានាធិបតីអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា រួមទាំងវ៉ាក់សាំង johnson and johnson ចំនួន១លានដូស ហើយនិងមានវ៉ាក់សាំង ពីរលានដូសបន្ថែមទៀត ហើយសន្យាថា និងផ្ដល់វ៉ាក់សាំងជាង៥លានដូសបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។ បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមានជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣ ឧសភាស្អែកទៀត៕