សម្តេចតេជោអញ្ជើញលោកចូ បៃដិនមកចូលរួមកិច្ចប្រជុំកំពូល អាស៊ាននៅកម្ពុជា

0

ដោយៈ ជេស៊ីកា

       អាមេរិកៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញលោកចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក មកចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយប្រធានាធិបតីអាមេរិក កាលពីរាត្រីថ្ងៃទី១២ ឧសភាកន្លងមក សម្តេចតេជោសម្តេចតេជោបានមានប្រសាសន៍ថា ជាមួយនឹងសន្ទុះដែលបាន នឹងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះ ទៅរកប្រយោជន៍រួមតែមួយ សម្ដេចតេជោ សូមយកឱកាសនេះអញ្ជើញលោក ប្រធានាធិបតីដោយផ្ទាល់ចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខនេះ។

សម្តេចបានបន្តថា “ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើង ដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការគោរពគ្នា ទៅវិញទៅមក មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយនិងជាពិសេស បានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យ”។

នៅក្នុងឱកាសនេះដែរសម្តេចតេជោ ក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងថ្ងៃ នេះ​ដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ចំនួន១លាននាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយសម្ដេចក៏សូមចូលរួមសំដែង សាមគ្គីភាពដ៏ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្នុងឱកាសនេះ។​

សម្ដេចតេជោបានមានប្រសាសន៍ថា “នាពេលនេះយើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែងឆ្ងាយ ដែលអាស៊ានសហរដ្ឋអាមេរិកធ្វើការរួមគ្នា ដោយការខិតខំប្រឹងប្រែង ដែលនឹងជួយពង្រឹងទំនាក់ទំនងរបស់យើងលើគ្រប់វិស័យ”។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបាន ជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតី ដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាព ប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួល ស្គាល់តួនាទីប្រកបដោយភាពវិជ្ជមាន របស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទ​នារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកចូ បៃដិន គួរបញ្ជាក់ថា រយៈពេល៤៥ឆ្នាំហើយ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយអាស៊ាន ហើយកិច្ចប្រជុំ កំពូលពិសេសអាមេរិកអាស៊ានលើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានី វ៉ាស៊ីនតោន។

លោកបន្តថា “ជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ”។លោកបន្តថា “អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិក និងអាស៊ានហើយការដែលឯកឧត្តមប្រធានាធិបតី ទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here