ដោយៈសុផារី
រតនគិរីៈ ទោះបីមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញក្តី ខេត្តរតនគិរី ក៏បាន និងកំពុងបង្អួតសក្តានុពល អចលនទ្រព្យទៅកាន់ក្រុមអ្នកវិនិយោគ ទាំងក្នុង និងក្រៅស្រុក។
កាលពីពេលថ្មីៗនេះ គម្រោងទីក្រុងថ្មីធំមួយ បាននឹងកំពុងធ្វើឱ្យអចលនទ្រព្យខេត្តរតនគិរីរីកមុខមាត់ខ្លាំងគួរឱ្យកត់សម្គាល់។
លោក យ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃទី១៣ ខែឧសភា ថា គម្រោងទីក្រុងថ្មីធំមួយនេះគឺ គម្រោងបុរី “គ្រូយើង” ដែលមានទីតាំងនៅជាយក្រុងបានលុង បាននិងកំពុងទាក់ទាញវិនិយោគិន ឱ្យសម្រុកមកទិញដីធ្លី នៅតាមជាយក្រុងបានលុងយ៉ាងច្រើន ហើយតម្លៃដីធ្លីកំពុងកើនឡើងខ្ពស់។
លោកបន្តឱ្យដឹងថា “គម្រោងគ្រូយើង បានចេញប្លង់មេរួចរាល់ហើយ ក្នុងទំហំផ្ទៃដី១៧ហិចតា ដែលប្រមូលផ្តុំទៅដោយគម្រោងលំនៅឋាន បុរី ផ្សារទំនើប និងទីកន្លែងកំសាន្ត ជាដើម ហើយសព្វថ្ងៃនេះក្រុមហ៊ុនបាននិងកំពុងឈូសឆាយធ្វើផ្លូវ”។លោកបន្តថា “គម្រោងទីក្រុងថ្មីមួយទៀតនៅជាយក្រុង អញ្ចឹងដីនៅជាយក្រុងឡើងថ្លៃបន្ទិចដែរ។ ធ្វើលើដីជាង១៧ហិចតា ចេញ Master plan ហើយៗ ហើយកំពុងតែឈូសឆាយផ្លូវ”។
លោកមានសុទិដ្ឋិនិយមថា ក្រោយពីគម្រោងនេះ បញ្ចប់ការសាងសង់ហើយ នោះវិស័យអចលនទ្រព្យក្នុងខេត្តរតនគិរី នឹងមានកំណើនមួយកម្រិតទៀត ជាពិសេសវានឹងនាំមកនូវការរស់នៅថ្មីមួយបែបទៀត ទាក់ទាញទេសចរ និងលើកមុខមាត់ខេត្តរតនគិរីទាំងមូលផងដែរ។
លោកយ៉ូន សុខរិនបានបន្តទៀតថា គម្រោងនេះក៏បានទាក់ទាញ អតិថិជនមានចំណាប់អារម្មណ៍ នៅក្នុងការទិញលក់ដីធ្លីមានច្រើនប្រភេទ ដូចជា ប្រជាជននៅក្នុងខេត្ត ចាប់អារម្មណ៍ស្វែងរកទិញដី ដើម្បីសាងសង់ជាលំនៅឋានផ្ទាល់ខ្លួន។ ចំណែកអតិថិជនធំមួយទៀតនោះ គឺអ្នកវិនិយោគ ដែលចាប់អារម្មណ៍រកទិញដី នៅជាយក្រុងបានលុង ដើម្បីអភិវឌ្ឍន៍ និងលក់យកផលចំណេញខ្ពស់នាពេលអនាគត។
លោកបានឱ្យដឹងថា តម្លៃដីនៅជាយក្រុងមានការកើនឡើងបន្ទិចដែរ ក្នុងរយៈពេលចុងក្រោយនេះ ដោយលោកសង្គេតឃើញមានគម្រោងសាងសង់លំនៅឋាន ប្រភេទផ្ទះល្វែងជាច្រើន។ ជាពិសេស គម្រោងធំមួយនេះបាននឹង
ជាមួយគ្នានេះ លោក ឆែម វិទូ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Li Hong Group បានប្រាប់ Property Area Asia កាលពីពេលថ្មីៗនេះថា គម្រោង “គ្រូយើង” ដ៏ធំមួយនេះ ត្រូវបានគេប្រកាសមួយរយៈមកហើយ ហើយគម្រោងនេះគឺជាគម្រោងធំបំផុតនៅក្នុងក្រុងបានលុង នឹងត្រូវបានចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះហើយ។
លោកវិទូបញ្ជាក់ថា ក្រោយពីមានការប្រកាសពីផែនការមេនេះ មានក្រុមអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកមួយចំនួនបានចូលមកសិក្សា លើការអភិវឌ្ឍអចលនទ្រព្យ ដែលបានធ្វើឱ្យតម្លៃដីធ្លី មានការកើនឡើងមួយកម្រិត។
លោកបានសម្តែងសុទិដ្ឋិនិយមថា ប្រសិនបើគម្រោងធំមួយនេះ កើតមានឡើងពិតមែន បូកផ្សំនឹងផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល និងការបើកព្រំដែនថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសវៀតណាម នោះក្នុងរយៈពេល៥ ទៅ១០ឆ្នាំទៀត វិស័យអចលនទ្រព្យខេត្តរតនគិរី នឹងមានការរីកចម្រើន ក្នុងកម្រិតមួយល្អប្រសើរជាងបច្ចុប្បន្ននេះ៕