ហេតុអ្វីសហរដ្ឋអាមេរិកមិនយកក្រុងញូវយ៉ក ធ្វើជាទីតាំងរដ្ឋបាលរបស់ខ្លួន បែរទៅយកវ៉ាស៊ីនតោនឌីស៊ីទៅវិញ?

0

ដោយៈសុខុម

អន្តរជាតិ: ទីក្រុងញូវយ៉ក (NYC) ដែលមានផ្ទៃដីប្រមាណ៧៧៨,២គីឡូម៉ែត្រការ៉េ គឺជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុតរហូតដល់ទៅជាង៨,៨លាននាក់គិតត្រឹមឆ្នាំ២០២០ ហើយក៏ជាទីក្រុងដែលចង្អៀតបំផុតផងដែរនៅសហរដ្ឋអាមេរិក។ នេះបើយោងទិន្នន័យបង្ហាញលើគេហទំព័រ Wikipedia។

ទីក្រុងញូវយ៉ក ត្រូវបានគេចាត់ទុកថាជារដ្ឋធានីវប្បធម៌ ហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក ហើយវាមានឥទ្ធិពលយ៉ាងខ្លាំងលើផ្នែកពាណិជ្ជកម្ម វិស័យកម្សាន្ត ការស្រាវជ្រាវ បច្ចេកវិទ្យា ការអប់រំ នយោបាយ ទេសចរណ៍ សិល្បៈ និងកីឡា ។ល។

លើសពីនេះ វាក៏ជាកន្លែងបោះទីតាំងការិយាល័យ កណ្ដាលរបស់អង្គការសហប្រជាជាតិ (UN) ផងដែរ។ និយាយជារួម វាជាមជ្ឈមណ្ឌលដ៏មានសារៈសំខាន់ សម្រាប់ការទូតអន្តរជាតិ ហើយពេលខ្លះថែមទាំងត្រូវបានគេហៅថាជារដ្ឋធានីនៃពិភពលោកទៀតផង។

បើវាពិតជាសំខាន់ខ្លាំងយ៉ាងនេះ ហេតុអ្វីសហរដ្ឋអាមេរិក មិនយកក្រុងញូវយ៉ក ធ្វើជាទីតាំងរដ្ឋបាលរបស់ខ្លួន ហើយបែរទៅយកក្រុងវ៉ាស៊ីនតុន ឌីស៊ី ទៅវិញ?។

យោងតាមការបកស្រាយរបស់អ្នកជំនាញ ដែលចុះផ្សាយលើគេហទំ​ព័រ Quora បានឱ្យដឹងថា មុនពេលវ៉ាស៊ីនតោន ឌីស៊ី (Washington, DC) ក្លាយជារដ្ឋធានី ឬទីតាំងរដ្ឋបាលរបស់សហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ គឺមានទីក្រុង២ទៀតធ្លាប់ជារដ្ឋធានី ឬទីតាំងរដ្ឋបាលរបស់ប្រទេសមហាអំណាចលេខ១ មួយនេះ ដែលអ្នកមិនបានដឹង នោះគឺក្រុងញូវយ៉ក និងក្រុងហ្វីឡាដេលហ្វៀ (Philadelphia)។

*ប្រត្តិត្រួសៗនៃការបង្កើត និងការប្ដូររដ្ឋធានី

នៅពេលលោក ចច វ៉ាស៊ីនតុន (George Washington) បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងឆ្នាំ១៧៨៩ រដ្ឋធានីនៃសហរដ្ឋអាមេរិក គឺក្រុងញូវយ៉ក។ នៅឆ្នាំ១៧៩២ ជាពេលលោកជាប់ឆ្នោតអាណត្តិទី២ រដ្ឋធានី ត្រូវបានប្ដូរទៅកាន់ក្រុង Philadelphia។ ទីក្រុង Philadelphia បានក្លាយជារដ្ឋធានីអស់រយៈពេល១០ឆ្នាំ។

*តើក្រុងវ៉ាស៊ីនតោន ឌីស៊ី ក្លាយជារដ្ឋធានីដោយរបៀបណា ហើយនៅពេលណា?

យោងតាមច្បាប់ Residence Act ឆ្នាំ១៧៩០ ដែលជាច្បាប់ស្ដីពីការបង្កើតអាសនៈបណ្ដោះអាសន្ន និងអចិន្ត្រៃយ៍នៃរដ្ឋាភិបាលអាមេរិក ប្រធា​នាធិបតី ចច វ៉ាស៊ីនតុន បានចេញក្រឹត្យមួយប្រកាស កំណត់ព្រំដែននៃរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៧៩១។

ទោះជានៅលើផែនទី ទីក្រុងនេះ មានរាងដូចគ្រាប់ពេជ្រយ៉ាងណាក្ដី ក៏រដ្ឋធានីនេះ ត្រូវធ្វើយ៉ាងណាឱ្យចេញរាងការ៉េ ដោយមានប្រវែង១៦គីឡូ​ម៉ែត្រនៅគ្រប់ជ្រុងទាំងអស់។ ដំណើរការកសាងរដ្ឋធានីថ្មីនេះ បានចំណាយពេល១០ឆ្នាំ ហើយជាបណ្ដោះអាសន្នរដ្ឋាភិបាល បានធ្វើការពីទីក្រុង Philadelphia រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨០០ ទើបពួកគេផ្លាស់ទៅកាន់វ៉ាស៊ីនតោន ឌីស៊ី។

សូម្បីតែលោក John Adams ដែលជាប្រធានាធិបតីទី២ របស់សហរដ្ឋអាមេរិក ក៏បានចាកចេញពីទីក្រុង Philadelphia ដែរ នៅខែមេសា ឆ្នាំ១៨០០ ហើយបានរើចូលទៅស្នាក់នៅក្នុងសេតវិមាន នៅខែវិច្ឆិកា ក្នុងឆ្នាំដដែល៕ Quora៕

LEAVE A REPLY

Please enter your comment!
Please enter your name here