ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អ្នកវិនិយោគក្នុងប្រទេសកម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះការវិលត្រលប់ របស់វិនិយោគិនបរទេស ពិសេសអ្នកវិនិយោគចិនចូលមកកម្ពុជាឡើងវិញ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ នៅតែមិនទាន់មានការបណ្ដាក់ទុនច្រើននៅឡើយ ។
តើវិនិយោគិនបរទេសនឹងវិលត្រលប់មកកម្ពុជា ស្វែងរកការវិនិយោគឡើងវិញនៅពេលណា?។
អ្នកស្រីអាន សុធីតាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងថា ក្នុងពេលនេះកម្ពុជាបានធូរស្រាល ឬអាចនិយាយវិបត្តិកូវីដ១៩ លែងជាបញ្ហាទៅហើយ ប៉ុន្តែនៅតែមិនមានវិនិយោគិនបរទេស ចូលមកបណ្ដាក់វិនិយោគនៅឡើយ ។
អ្នកស្រីបន្តថា “បើយើងក្រលេកទៅបណ្ដាប្រទេសមួយចំនួន ដែលជាប្រភពទុនដ៏ធំ សម្រាប់វិនិយោគក្នុងប្រទេសកម្ពុជា ដូចជាចិននៅតែបន្តបិទខ្ទប់តាមតំបន់ ហើយការធ្វើដំណើររបស់ចិនចេញក្រៅប្រទេស ក៏នៅមិនទាន់ទូលំទូលាយនៅឡើយដដែល”។
អ្នកស្រីអាន សុធីតាបន្តថា វិនិយោគិនបរទេសអាចនឹងចូលមកកម្ពុជានៅពេលណា ដែលគេបានស្ដារប្រទេសគេឡើងវិញ ពីវិបត្តិនៃកូវីដ១៩ ពីព្រោះថាប្រទេសរបស់ពួកគេ ក៏ជួបនឹងវិបត្តិដែលត្រូវរៀបចំឡើងវិញដែរ។ ដូច្នេះហើយនៅពេលណា ដែលសេដ្ឋកិច្ចប្រទេសគេបានប្រសើរ គេនឹងចេញក្រៅប្រទេសរកការវិនិយោគ រួមទាំងកម្ពុជាផងដែរ ដូច្នេះវាមិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយថា វិនិយោគនឹងមក ។ យ៉ាងណាក្ដីក៏មានវិនិយោគិនបរទេសមួយចំនួន ហើយបានត្រលប់មកកម្ពុជា ដើម្បីសិក្សាស្វែងរកការវិនិយោគ ។
ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា សម្រាប់ទស្សនលោកយល់ឃើញថា អ្នកវិនិយោគអន្តរជាតិ អាចនឹងចូលមកកម្ពុជាជាបន្តបន្ទាប់ និងកាន់តែច្រើនឡើង នៅក្នុងពាក់កណ្ដាលឆ្នាំនេះឬចុងឆ្នាំនេះ។
លោកបន្តថា “វិបត្តិនៃជំងឺកូវីដ១៩ បានប្រសើរឡើងតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្តែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយ ធ្វើឱ្យមានឧបសគ្គដល់ការវិនិយោគរបស់បរទេសចូលមកកម្ពុជា”។
ទោះជាយ៉ាងណាវិនិយោគិនអន្តរជាតិ ដែលមានមូលដ្ឋានអាជីវកម្មរបស់ខ្លួននៅកម្ពុជា ស្រាប់បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួន។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុនេះ ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសជប៉ុន Mitsubishi Corporation បានបង្ហាញពីបំណងក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ស្របពេលខេត្តនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនបរទេសផ្សេងទៀតផងដែរ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ថា វិនិយោគិនចិន និងបរទេសដទៃទៀតបានចេញ ចូលមកកាន់ខេត្តព្រះសីហនុវិញបណ្តើរៗហើយ។
ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា អ្នកវិនិយោគចិន និងអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងវិលត្រលប់មកកាន់កម្ពុជាឡើងវិញហើយ ដោយសារកម្ពុជាមានមូលដ្ឋានជាច្រើន ដើម្បីទាក់ទាញវិនិយោគិនទាំងនោះ ដូចជាច្បាប់វិនិយោគថ្មី ដែលមានការអនុគ្រោះ និងលើកទឹកចិត្តច្រើន ដល់វិនិយោគិន កាតរចូលជាធរមាននៃកិច្ចព្ររមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(RCEP)ជាដើម៕