ធនាគារពិភពលោកៈសេដ្ឋកិច្ចប្រទេសឡាវកំពុងប្រឈមនឹងវិបត្តិដោយសារបំណុលនិងកង្វះខាតប្រេង

0

ដោយៈ សុផារី

ឡាវៈ ខណៈសេដ្ឋកិច្ចកំពុងចាប់ផ្តើមងើបឡើងវិញ ពីឥទ្ធិពលនៃកូវីដ១៩ ប្រទេសឡាវកំពុងប្រឈមមុខនឹងវិបត្តិដ៏តឹងរ៉ឹង នៃអតុល្យភាពម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ជាពិសេសដោយសារបំណុល និងកង្វះប្រេង។

-->

នេះបើយោងតាមរបាយកាណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចឡាវ របស់ធនាគារពិភពលោក រាយការណ៍ដោយ Laotian Times។

អ្នកតាមដានសេដ្ឋកិច្ចឡាវបានឱ្យដឹងថា កំណើនបំណុលសាធារណៈ និងការកើនឡើងតម្លៃថាមពលជាសកល កំពុងបង្កបញ្ហាដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគំរាមកំហែងដល់កម្រិតជីវភាពរស់នៅ។

សេដ្ឋកិច្ចរបស់ប្រទេសឡាវ ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៣,៨ភាគរយនៅឆ្នាំ២០២២ កើនឡើងពីអត្រា២,៥ភាគរយក្នុងឆ្នាំ២០២១ ដោយមានសុទិដ្ឋិនិយមថា ការចរចាបំណុលនឹងទទួលបានជោគជ័យ ហើយនឹងមិនមានវិធានការទប់ស្កាត់កូវីដ១៩ដ៏តឹងរ៉ឹងទៀតនោះទេ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២ អតិផរណាបានលើនឡើងខ្ពស់ដល់៩,៩ភាគរយ កើនឡើងពីក្រោម ២ភាគរយកាលពីឆ្នាំ២០២១ ខណៈការបាត់បង់ការងាររយៈពេលវែង និងការបិទអាជីវកម្ម ដែលបណ្តាលមកពីការរីករាលដាលនៃកូវីដ១៩ បន្តដាក់សម្ពាធលើប្រាក់ចំណូលគ្រួសារ។

លោក Alex Kremer អ្នកគ្រប់គ្រងធនាគារពិភពប្រចាំប្រទេសឡាវបានឱ្យដឹងថា ” បញ្ហាសេដ្ឋកិច្ចបណ្តាលមកពី ការបិទខ្ទប់ប្រទេសរយៈពេលពីរឆ្នាំ ការរឹតបន្តឹងដោយសារវិបត្តិជំងឺ រួមផ្សំនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់គីប”។

លោកបន្តថា “សម្រាប់ប្រទេសឡាវ បំណុលរដ្ឋាភិបាល និងការប្រមូលចំណូលពន្ធមិនសូវល្អ ក៏បានក្លាយជាបញ្ហាប្រឈមមួយ។ ដូច្នេះគោលនយោបាយអាទិភាពចំបង គឺការបង្កើនប្រាក់ចំណូលសាធារណៈ ដោយពិនិត្យមើលការលើកលែងពន្ធ”។

របាយការណ៍នេះ បានផ្តល់អនុសាសន៍ ឱ្យស្តារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាចម្បង តាមរយៈការបង្កើនទាំងការប្រមូលចំណូល និងប្រសិទ្ធភាពចំណា​យ ពង្រឹងការគ្រប់គ្រងបំណុល និងតម្លាភាព ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ តាមរយៈឧបករណ៍ច្បាប់ និងបទប្បញ្ញត្តិ និងពង្រីកការផ្ទេរសាច់ប្រាក់ តាមគោលដៅទៅកាន់ជនក្រីក្រ។

អ្នកឃ្លាំមើលសេដ្ឋកិច្ច ក៏ស្នើឱ្យមានកំណែទម្រង់មួយចំនួន ដែលអាចកាត់បន្ថយហានិភ័យ និងបង្កើនអត្ថប្រយោជន៍ជាអតិបរមា នៃការវិនិយោគធំៗលើផ្លូវថ្នល់ និងផ្លូវដែក ដូចជា ការកសាងផ្លូវតភ្ជាប់ ដើម្បីធានាថាកសិករ និងអាជីវកម្ម អាចទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី ធានាពាណិជ្ជកម្មឆ្លងព្រំដែនកាន់តែមានប្រសិទ្ធភាព និងការកែលម្អបរិយាកាសធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគ និងបង្កើតការងារ។

របាយការណ៍ក៏បញ្ជាក់ថា ប្រទេសឡាវក៏គួរតែលើកកម្ពស់វិស័យ ដែលខ្លួនមានអត្ថប្រយោជន៍ច្រើន ដូចជា វិស័យផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ផលិតផលកសិកម្ម និងទេសចរណ៍ធម្មជាតិជាដើម៕