អ្នកអភិវឌ្ឍន៍លំនៅឋានចាំបាច់ត្រូវមានចំណេះដឹងសំខាន់ៗចំនួនពីរ ដើម្បីទទួលបានជោគជ័យ

0

ដោយ៖ វឌ្ឍនៈ

 

ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍លំនៅឋានថ្មីៗក៏កាន់តែច្រើនបានចូលប្រឡូកនៅក្នុងការអភិវឌ្ឍលំនៅឋាន ដើម្បីបំពេញទៅតាមទីផ្សារនាពេលបច្ចុប្បន្ននិងពេលអនាគត។ អ្នកជំនាញនៃការវិនិយោគអចលនទ្រព្យ និងហិរញ្ញវត្ថុមួយរូប បានលើកឡើងថា អ្នកអភិវឌ្ឍន៍លំនៅឋានត្រូវតែជាអ្នកមានចំណេះដឹងហិរញ្ញវត្ថុផង និងជាអ្នកក្ដោបព័ត៌មានទីផ្សារពូកែផង។

នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោក ង៉ែត ជូ អ្នកជំនាញវិស័យហិរញ្ញវត្ថុជាង២០ឆ្នាំ និងជាអ្នកវិនិយោគលើអចលនទ្រព្យមួយរូប បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយណាស់ និងត្រូវយល់ពីផ្លូវច្បាប់ យល់ពីចរន្តសេដ្ឋកិច្ច យល់ពីតម្រូវការរបស់មនុស្ស ដោយត្រូវសិក្សាស្វែងយល់ច្បាស់លាស់មុននឹងចាប់ផ្ដើមសាងសង់។

 

លោកបន្តថា អ្នកអភិវឌ្ឍន៍លំនៅឋានជោគជ័យ ជាអ្នកមានធនធានហិរញ្ញវត្ថុខ្ពស់ ពីព្រោះគម្រោងអភិវឌ្ឍន៍មួយ ត្រូវការទុនច្រើន។ ជាក់ស្ដែង គម្រោងខ្លះត្រូវការទុន៥០លានដុល្លារ ៦០លានដុល្លារ និងមានរហូតដល់១០០លានដុល្លារអាមេរិកក៏មាន។

 

លោកថា ”អ្នកអភិវឌ្ឍន៍លំនៅឋានគម្រោងកាន់តែធំ ហានិភ័យនៃការខាតបង់ក៏កាន់តែធំដែរ បើសិនជាអ្នកអភិវឌ្ឍន៍គម្រោងខ្នាតតូច នៅពេលខាតបង់ក៏តិចដែរ”។

លោកបន្ថែមថា ការវិនិយោគលំនៅឋាន ឬអចលនទ្រព្យ មិនចាំបាច់សុទ្ធតែ មានលុយរាប់លានដុល្លារនោះទេ។ អ្នកខ្លះមានលុយតែប៉ុន្មានម៉ឺនដុល្លារ អាចទិញបានផ្ទះតែមួយល្វែង ក៏អាចវិនិយោគបានដែរ ដោយលក់បន្ត យកប្រាក់ចំណេញ ហើយធ្វើការបែបនេះជាបន្តបន្ទាប់ ដើម្បីរកប្រាក់ចំណេញ។

 

លោកថា បច្ចុប្បន្ននេះ អ្នកដែលទិញផ្ទះមួយល្វែង ពីរល្វែង ដើម្បីជាការវិនិយោគ មានច្រើន ដោយពួកគាត់ទិញតាំងពីគម្រោងនោះមិនទាន់លេចជារូបរាង ហើយនឹងលក់វិញ នៅពេលគម្រោងផ្ទះនោះ បានសាងសង់រួចរាល់។

 

លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា តម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅពេលអនាគតខាងមុខនេះ តម្រូវការនឹងឡើងខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ តាមការព្យាករណ៍ អ្នកវិនិយោគលើលំនៅឋាន អាចនឹងបង្កើនការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តត់ផ្គង់នៅលើទីផ្សារ។

បច្ចុប្បន្ននេះ ការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជាមានច្រើនបែបសណ្ឋាន រួមមាន ការអភិវឌ្ឍជាអគារសហកម្មសិទ្ធិ ឬខុនដូ ប្រភេទផ្ទះវីឡា ផ្ទះល្វែង និងលំនៅឋានតម្លៃសមរម្យជាដើម។ សម្រាប់រាល់គម្រោងណា ដែលមានការកែច្នៃទាក់ទាញ ដល់ប្រជាពលរដ្ឋ គម្រោងនោះកាន់តែមានអ្នកគាំទ្រច្រើន ទោះបីទីតាំងនៅឆ្ងាយពីភ្នំពេញបន្តិចក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here