ហ្វាំងឡង់ និងស៊ុយអែត ដាក់លិខិតជាផ្លូវការសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធាNATO នៅថ្ងៃនេះ

0

ដោយៈសុខុម

ព្រុចសែលៈ ប្រទេសហ្វាំងឡង់ និងស៊ុយអែត នៅថ្ងៃពុធ ទី១៨ ខែឧសភា នេះបានដាក់លិខិតជាផ្លូវការសុំចូល ជាសមាជិកបក្សសម្ព័ន្ធយោធា NATO ហើយ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃនេះ។

ការដាក់លិខិតសុំចូលជាសមាជិកអង្គការNATO នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសទាំង២ ដែលកន្លងមកតែងតែរក្សាជំហរអព្យាក្រឹត ដោយមិនចូលបក្សសម្ព័ន្ធយោធា រហូតមកទល់នឹងពេលក្រោយពេលរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន ទើបបង្ខំឱ្យពួកគេគិតគូរឡើងវិញអំពីសន្តិសុខរបស់ខ្លួន។

ការដាក់លិខិតសុំចូលជាសមាជិក នៅការិយាល័យកណ្ដាលរបស់អង្គការ NATO នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នេះគឺជាដំណាក់កាលដំបូង ឈានទៅរកការចាប់ផ្ដើមដំណើរការចូល ជាសមាជិកដែលអាចចំណាយពេលរាប់ខែ ប៉ុន្តែមានការរំពឹងយ៉ាងទូលំទូលាយថា ការដាក់លិខិតដោយប្រទេសទាំង២នេះ នឹងធ្វើឱ្យសមាជិករបស់ NATO កើនឡើងពី៣០ប្រទេសនាពេលបច្ចុប្បន្នដល់៣២ប្រទេសនៅចុងបញ្ចប់។

អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែល ជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងស៊ុយអែតថា “ខ្ញុំសូមបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត ដែលសុំចូលជាសមាជិករបស់អង្គការ NATO”។

លោកបានបន្ថែមទៀតថា “អ្នកគឺជាដៃគូដ៏ជិតស្និទ្ធបំផុត របស់យើង ហើយសមាជិកភាព របស់អ្នកនៅក្នុងអង្គការ NATO នឹងជួយបង្កើនសន្តិសុខរួមរបស់យើង”។

លោក Jens Stoltenberg បានចាត់ទុកការដាក់លិខិតជាផ្លូវការសុំចូលជាសមាជិកអង្គការ NATO នេះថាជា “ការបោះជំហានជាប្រវត្តិសាស្ត្រ” ហើយបញ្ជាក់ថា បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នឹងពិចារណាជំហានប  ន្ទាប់៕ Washinton Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here