ក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍អន្តរជាតិ នឹងវិលមកសភាពដើមវិញនៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង ក្នុងឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក ស្ថានភាពទេសចរណ៍កម្ពុជាបន្តងើបឡើងជាបណ្តើរៗ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់នៅក្នុងឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង១១លាននាក់នៅក្នុងឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ តាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១៨ ខែឧសភានេះថា ការបន្តងើបឡើង នៃស្ថានភាពទេសចរណ៍កម្ពុជា ក្នុងទម្រង់ជាអក្សរ V និងរំពឹងថាអាចវិលមករកសភាពដើមវិញនៅឆ្នាំ២០២៥ សម្រាប់ទេសចរអន្តរជាតិ និងឆ្នាំ២០២៣ សម្រាប់ទេសចរផ្ទៃក្នុង។

សម្រាប់ចក្ខុវិស័យឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងសម្រេចឱ្យបានទេសចរអន្តរជាតិចំនួន៨០ម៉ឺន ទៅ១លាននាក់ និងទេសចរផ្ទៃក្នុងចំនួន៨លាននាក់។ ជាក់ស្ដែង ក្នុងរយៈពេល០៤ខែ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិមកកម្សាន្តកម្ពុជា មានចំនួន២៤១.៤៨៥នាក់ កើនឡើង១៩១,៥% និងទេសចរផ្ទៃក្នុងមានចំនួន៥,០៤លាននាក់ កើនឡើង១៦១,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ក្នុងនោះ ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៣១.៨៦៤នាក់ កើនឡើង ២៤៣,៩% តាមផ្លូវគោកមានចំនួន១០៦.៦១៤នាក់ កើនឡើង១៣៨,៦% និងផ្លូវទឹកមានចំនួន៣.០០៧នាក់។

ក្រសួងទេសចរណ៍វាយតម្លៃថា កំណើនភ្ញៀវទេសចរនឹងអាចងើបឡើងលឿនចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ ដោយទីផ្សារទេសចរណ៍អាទិភាពរបស់កម្ពុជារួមមាន អាស៊ាន(វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន) ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន) ទ្វីបអាមេរិក (អាមេរិក) ទ្វីបអ៊ឺរ៉ុប (បារាំង អង់គ្លេស)។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា អាជីវកម្មទេសចរណ៍បានបន្តបើកដំណើរការឡើងវិញជាបណ្តើរៗ ក្នុងនោះគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍បិទ/ព្យួរមាន ចំនួន ១.៤២៨ទីតាំង និងប៉ះពាល់បុគ្គលិកសរុបចំនួន ២៣.៨៤៣នាក់ បើធៀបនឹងខែមិថុនា ឆ្នាំ២០២១ ដែលជាដំណាក់កាលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ ១៩ អាជីវកម្មទេសចរណ៍ចំនួន ១.៧៤៩ទីតាំង (ស្មើនឹង៥៥% អាជីវកម្មបិទ/ព្យួរកន្លងមក) បានបើកដំណើរឡើងវិញ និងបុគ្គលិកផ្គាប់រងផលប៉ះពាល់ទទួលបានការងារធ្វើឡើងវិញមានចំនួន ២៦.៣៧៦នាក់ (ស្នើនឹង៥២%នៃបុគ្គលិកដែលរងផលប៉ះពាល់សរុប)។

ក្នុងអំឡុងពេលនៃវិបត្តិនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារក្នុងវិស័យទេសចរណ៍បានចំនួន២២.៩៨១ នាក់ ស្មើនឹង ៥៤៥,៨២៤លើក គិតជាទឹកប្រាក់សរុប ៣០.១៩៦.៥៨៩.៤០០រៀល ប្រហែលនឹង ៧,៥៥លានដុល្លារ អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here