វិនិយោគិនរុស្ស៊ីក្រសាបទិញយកអាជីវកម្មទាំងអស់របស់ហាងMcDonald’s នៅរុស្ស៊ី

0

ដោយៈសុខុម

អន្តរជាតិ: ទីបំផុត ក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក McDonald’s បានរកឃើញអ្នកទិញអាជីវកម្មរបស់ខ្លួននៅប្រទេសរុស្ស៊ីហើយ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន បានបង្ខំឱ្យក្រុមហ៊ុននេះត្រូវចាកចេញពីរុស្ស៊ីទាំងអាល័យ។

ក្រុមហ៊ុនយក្សមួយនេះនិយាយថា វិនិយោគិនរុស្ស៊ី លោក Alexander Govor ដែលបច្ចុប្បន្នបើកដំណើរការភោជនីយដ្ឋាន McDonald’s ចំនួន២៥ទីតាំងនៅស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី នឹងទិញយកអាជីវកម្មទាំងស្រុងរបស់ McDonald’s នៅប្រទេសរុស្ស៊ី ព្រមទាំងទទួលយកបុគ្គលិកទាំងអស់ របស់ក្រុមហ៊ុននេះផងដែរ ហើយនឹងប្ដូរម៉ាកយីហោថ្មី (Rebranding)។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី២០ ខែឧសភាកន្លងមកនេះ។

ក្រុមហ៊ុននេះ មិនបានទម្លាយឱ្យដឹងពីតម្លៃ នៃការលក់អាជីវកម្មនេះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះធ្លាប់បានបង្ហើបថា តម្លៃជាង១ពាន់លានដុល្លារ។

ក្រុមហ៊ុនអាហារសម្រន់ McDonald’s បានដំណើរការរកស៊ីនៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយភោជនីយដ្ឋាន McDonald’s ដំបូងបង្អស់របស់ខ្លួន ត្រូវបានបើកកដំណើរការនៅក្រុងមូស្គូ ក្នុងឆ្នាំ១៩៩០ ដើម្បីជានិមិត្តរូបបង្ហាញពីភាពធូរស្រាល នៃភាពតានតឹងក្នុងសង្រ្គាមត្រជាក់។

ក្រុមហ៊ុន McDonald’s ដែលមានភោជនីយដ្ឋានជិត៨៥០ ទីតាំងនៅទូទាំងប្រទេសរុស្ស៊ី និងបុគ្គលិកប្រមាណ៦២.០០០នាក់និយាយថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀងទិញលក់អាជីវកម្មនេះ នឹងចប់សព្វនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Alexander Govor បានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មពី McDonald’s តាំងពីឆ្នាំ២០១៥។ គាត់ក៏ជាសហស្ថាបនិកនៃក្រុមហ៊ុនចម្រាញ់ប្រេង Neftekhimservice និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយផ្សេងទៀត ដែលជាម្ចាស់សណ្ឋាគារ Park Inn Hotel និងគ្លីនិកឯកជននៅតំបន់ស៊ីបេរី ផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃដំណើរការចរចា “ដ៏វែងអន្លាយ និងដ៏លំបាក” ហើយរដ្ឋាភិបាលនឹងជួយលោក Alexander Govor គ្រប់រូបភាពតាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំដំណើរការហាងទាំងនេះ ក្រោមម៉ាកយីហោថ្មីប្រកបដោយជោគជ័យ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here