ស្ពានប្រវែង ៤០០ម៉ែត្រ ត្រូវបានសាងសង់ ដើម្បីការពារផ្លូវជាតិលេខ 71C

0

ដោយៈ គង់ សូរិយា

កំពង់ចាម/ត្បូងឃ្មុំៈ ផ្លូវជាតិលេខ៧១C ដែលតភ្ជាប់រវាងខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម នឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២៤ខាងមុខនេះហើយ។

ផ្លូវជាតិដ៏សំខាន់នេះមានប្រវែងសរុបជិត១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បាន៣៧ភាគរយហើយ គម្រោងនេះនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។ ផ្លូវជាតិនេះ សាងសង់ចេញពីស្រុកក្រូចឆ្មារ តភ្ជាប់ទៅកាន់ស្រុកដំបែរ និងស្រុកមួយចំនួនទៀត នៅក្នុងខេត្តត្បូងឃ្មុំ មុនពេលអូសឆ្លងកាត់ស្រុកស្ទឹងត្រង់ ឆ្ពោះទៅកាន់ស្រុកចំការលើក្នុងខេត្តកំពង់ចាម។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និង​ដឹកជញ្ជូនបានចុះពិនិត្យ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ៧១C កាលពីដើមសប្តាហ៍នេះ។

លោកបានលើកឡើងពី លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនេះដើម្បីគេចផុតពីបញ្ហាទឹកជំនន់ធំផងដែរ ព្រោះភូមិសាស្ត្រខ្លះជាប់នឹងទន្លេមេគង្គ ដែលត្រូវមានការសាងសង់ស្ពានបើកមុខ ទឹកប្រវែង៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ។

នៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួ​យតំបន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម  និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

ផ្លូវជាតិដ៏សំខាន់នេះ បាននិងកំពុងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ដោយគ្រោងចំណាយថវិកាសាងសង់ ប្រមាណ១២៩,៩៨លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here