ដោយៈ សុខុម
ក្រុងមូស្គូ: ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា បានគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើប្រទេសលីទុយអានី ចំពោះការបិទផ្លូវដែកសម្រាប់ដឹកជញ្ជូនទំនិញ ឆ្ពោះទៅកាន់តំបន់កាន់កាប់ដោយរុស្ស៊ី Kaliningrad នៅសមុទ្របាល់ទិក (Baltic Sea)។
នៅលើទឹកដីភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្រុមផ្តាច់ខ្លួនរបស់រុស្ស៊ី និយាយថា ពួកគេកំពុងវាយរុលទៅមុខឆ្ពោះទៅកាន់ សមរភូមិដ៏សំខាន់នៃរដ្ឋធានីគៀវ។ មន្ត្រីអ៊ុយក្រែន មួយរូបនិយាយថា មានការប្រយុទ្ធគ្នាលស់ពេលតិចណាស់។
កាលពីថ្ងៃអង្គារ មានការរំពឹងទុកថា អគ្គរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិក លោកMerrick Garland នឹងស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិចុងក្រោយគេ ដែលបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន សម្រាប់ការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើការចោទប្រកាន់រុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
បណ្តាប្រទេសអឺរ៉ុប នៅពេលនេះកំពុងស្វះស្វែងរកមធ្យោបាយ ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេ និងធ្វើយ៉ាងណាធានាថា មានថាមពលប្រើប្រាស់ និងឧស្ម័នសម្រាប់ដុតរក្សាកម្ដៅក្នុងផ្ទះបំបាត់ភាពត្រជាក់។
តំបន់គ្រប់គ្រងដោយរុស្ស៊ី Kaliningrad នៅសមុទ្របាល់ទិក គឺជាកំពង់ផែដ៏សំខាន់ និងមានភូមិឋានជុំវិញ ដែលមានប្រជាជនរុស្សី ជិតមួយលាននាក់រស់នៅ។តំបន់នេះ បានក្លាយជាចំណុចផ្ដោតការយកចិត្តទុកដាក់ខាងការទូត ដោយសារវាជាចំណុចតភ្ជាប់ទៅកាន់ប្រទេសរុស្ស៊ី តាមរយៈផ្លូវដែកមួយខ្សែរត់កាត់ប្រទេសលីទុយអានី ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប និងក៏ជាសមាជិករបស់អង្គការបក្សសម្ព័ន្ធយោធាន NATO។
ប្រទេសលីទុយអានី បានបិទផ្លូវដែក សម្រាប់ការដឹកជញ្ជូនដែក និងលោហធាតុផ្សេងៗទៀតដែលខ្លួននិយាយថា ខ្លួនចាំបាច់ត្រូវតែធ្វើក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍ កន្លងទៅ ហើយចំណាត់ការនេះបានធ្វើឱ្យរុស្ស៊ី ខឹងឆេះដុំយ៉ាងខ្លាំងរហូតឈានទៅដល់ការព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ៕ Reuters៕