ដោយៈ សុផារី
ព្រះសីហនុៈ រង្វង់មូលសីហរាជមុខបី ខេត្តព្រះសីហនុ នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបន្ថែមទៀត។
រង្វង់មូលសីហរាជមុខបីនេះ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ ក្នុងឱកាសចុះពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្វង់មូលសហរាជមុខបីនេះ នៅថ្ងៃទី២១ ខែមិថុនាថា រង្វង់មូលសីហរាជមុខបីនេះ ត្រូវបានសាងសង់ ដើម្បីជួយសម្រួលលំហូរចរាចរណ៍ ចូលមកក្រុងព្រះសីហនុ និងកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។
លោកបន្តថា “នៅពេលសាងសង់រួចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ អាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃសមុទ្របានថែមទៀតផង”។
លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។
រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់៕