ដោយ៖ សុផារី
ភ្នំពេញ៖ ក្រោយពេលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញពីកូវីដ១៩ ទីផ្សារការិយាល័យបាននិងកំពុងមានសញ្ញាវិជ្ជមានបណ្តើរៗ ដោយសង្គេតឃើញក្រុមហ៊ុនបរទេសមួយចំនួនបាន និងកំពុងស្វែងរកជួលអាគារការិយាល័យសម្រាប់ដំណើរការរបស់ខ្លួន។
អ្នកជំនាញរំពឹងយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងអាចក្លាយជាទីស្នាក់ការការិយាល័យកណ្ដាល ស្នូលកណ្តាល នៃក្រុមហ៊ុនបរទេសធំៗ ដែលមានសាខានៅតាមបណ្តាប្រទេសជិតខាង។
លោក ខេន ឡូ អគ្គនាយកក្រុមហ៊ុន Coldwell Banker Cambodia បានបង្ហាញក្តីរំពឹងថា ក្រោយឆ្នាំ២០២៣ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រុមហ៊ុនធំៗមួយចំនួននឹងបង្វិលក្រុមហ៊ុន ឬសាខារបស់គាត់ ដែលនៅប្រទេសជិតខាង នឹងមកបោះការិយាល័យនៅក្នុងប្រទេសកម្ពុជា។
-->

បើតាមអ្នកជំនាញរូបនេះ កម្ពុជាមានភាពអំណោយផលច្រើន ជាពិសេសភាពភាពងាយស្រួល ក្នុងការហោះហើរទៅប្រទេសជិតខាង កំណើនសេដ្ឋកិច្ចនិងអចលនទ្រព្យមានភាពបត់បែន ជាពិសេសការបើកចំហទីផ្សារសេរីធំទូលាយរបស់កម្ពុជា។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនធំៗ ដែលមានការិយាល័យច្រើននៅក្នុងប្រទេសជិតខាង ដូចជា ប្រទេសថៃ វៀតណាម ឡាវ ភូមា ថ្ងៃក្រោយគាត់អាចជ្រើសរើសប្រភេទកម្ពុជាជាប្រទេសសម្រាប់ការិយាល័យកណ្ដាលរបស់គាត់ ដើម្បីគ្រប់គ្រងសាខានៅក្នុងបណ្តាប្រទេសជិតខាង ពីព្រោះវាមានភាពងាយស្រួល ក្នុងការហោះហើរទៅប្រទេសជិតខាង ម្យ៉ាងទៀតវិស័យសេដ្ឋកិច្ច អចលនទ្រព្យរបស់កម្ពុជាមានភាពបត់បែនល្អ ហើយមានការបើកចំហទីផ្សារសេរីច្រើនជាងប្រទេសជិតខាង”។
លោកបន្ថែមថា នៅពេលវិនិយោគិនមករកស៊ីនៅក្នុងប្រទេសកម្ពុជា លំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុនអាចចេញចូលបានដោយសេរី ដែលផ្តល់អំណោយផល ដល់ការទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត មកកាន់ទីផ្សារកម្ពុជា។

ឆ្លើយតបនឹងសំណួរថាតើកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ឬនៅសម្រាប់ការស្វាគមន៍វិនិយោគិន លោក បានបញ្ជាក់ថា បណ្តាអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងបរទេស បានសាងសង់ការិយាល័យប្រភេទ A ដែលជាទីពេញនិយមសម្រាប់ក្រុមហ៊ុន ឬអ្នកវិនិយោគិនធំៗ មានចំនួនច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញ ដូចជា អាគារវឌ្ឍនៈ អាគារស្ថាបនា អាគារ Exchange Square ជាដើម។
លោកថា “អ្នកវិនិយោគិនក្នុងស្រុករបស់យើងបានត្រៀមខ្លួនរួចរាល់មួយចំនួនហើយ បានសាងសង់អាគាររួចរាល់ហើយ និងបានត្រៀមខ្លួនសាងសង់បន្ថែមទៀត ក្រោយទីផ្សារអំណោយផល”៕