ដោយៈជេស៊ីកា
ភ្នំពេញៈ អ្នកជំនាញជាតិ អន្តរជាតិបានលើកឡើងថា កម្ពុជានៅតែជាប្រទេសមានភាពទាក់ទាញការវិនិយោគពីបរទេស និងមានភាពទាក់ទាញជាងបណ្តាប្រទេសក្នុងតំបន់ ដោយសារលក្ខខ័ណ្ឌជាច្រើន។
អគ្គនាយិកាក្រុមហ៊ុន ProPNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២២ មិថុនាកន្លងមកថា បន្ទាប់ពីរយៈពេល៤ខែដើមឆ្នាំនេះ វិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមមានភាពប្រសើរឡើងវិញបណ្តើរៗ ទាក់ទងនឹងដីធ្លី ទីផ្សារជួល និងការលក់ខុនដូ ហើយបណ្តាខេត្តមានសក្តានុពល មួយចំនួនមានសកម្មភាពទិញ លក់ដីធ្លីឡើងវិញ។
អ្នកស្រីបន្តថា “សម្រាប់ខ្ញុំសុខភាពក្នុងវិស័យនេះ មានភាពល្អប្រសើរហើយ ពិសេសកម្ពុជានៅតែមានភាពទាក់ទាញ ការវិនិយោគពីបរទេស ដោយសារផលចំណេញ ពីការវិនិយោគនៅមានអត្រាចន្លោះ៥ ទៅ៦ភាគរយ ក្នុងមួយឆ្នាំ”។ អ្នកស្រីបន្តថា “ផលចំណេញពីការវិនិយោគពីបរទេសនៅកម្ពុជា នៅតែខ្ពស់ជាងប្រទេសក្នុងតំបន់ ដែលមានអត្រាចំណេញចន្លោះត្រឹម២ទៅ៤ភាគរយក្នុងមួយឆ្នាំប៉ុណ្ណោះ”។
អ្នកស្រីអាន សុធីតា បានបន្តថា ទោះជាបច្ចុប្បន្នលំហូរ FDI (លំហូរទុនវិនិយោគពីបរទេស) ថមថយក្តី ប៉ុន្តែនាពេលខាងមុខទីផ្សារកម្ពុជា នឹងទាក់ទាញការវិនិយោគពីបរទេសឡើងវិញច្រើន។
ជាមួយគ្នានេះ លោក Tom OSullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh ដែលបានសិក្សាច្រើនលើទីផ្សារនេះបានលើកឡើងស្រដៀងគ្នាថា កម្ពុជាមានភាពទាក់ទាញច្រើន សម្រាប់ការវិនិយោគពីបរទេស ហើយជនបរទេសនៅតែសម្លឹងមើលកម្ពុជា ក្នុងក្រសែភ្នែករបស់ពួកគេ។
លោកបន្តថា “វិនិយោគិនបរទេសនឹងចូលមកកម្ពុជាច្រើន ព្រោះទីផ្សារនេះនៅតែមានភាពរ៉ឹងមាំ បើទោះបីជារងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដក្តី”។ លោកបន្តថា “បើធៀបឧស្សាហកម្មអចលនទ្រព្យកម្ពុជា អូស្រ្តាលី កម្ពុជាមានភាពប្រសើរជាង ព្រោះអ្នកវិនិយោគមកកម្ពុជា ដើម្បីរកផលចំណេញ ប៉ុន្តែអ្នកទិញអចលនទ្រព្យនៅអូស្រ្តាលី ភាគច្រើនទិញលំនៅដ្ឋានសម្រាប់ការស្នាក់នៅរៀនសូត្រសម្រាប់កូនៗរបស់ពួកគេ”។
លើសពីនេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ក្រោយវិបត្តិនេះ អ្នកប្រមូលទិញអចលនទ្រព្យបានច្រើន នឹងមានឱកាសទទួលបានផលចំណេញច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺខ្វះទុន សម្រាប់ទិញទុកសម្រាប់ប្រជាពលរដ្ឋមួយចំនួន។
លោកបន្តថា “អ្នកទិញអចលនទ្រព្យ ព្រោះតែពួកគេមើលឃើញផលចំនេញ ដោយសារកម្ពុជានៅតែជាប្រទេស ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ”។
លោកបន្តថា “តម្លៃអចលនទ្រព្យនៅកម្ពុជា ទាំងដីធ្លី ទាំងការជួល នៅមានកម្រិតទាបធៀបនឹងប្រទេសក្នុងតំបន់ ហេតុនេះទើបកម្ពុជានៅតែបន្តទាក់ទាញការវិនិយោគច្រើន ពីបរទេសនាពេលអនាគត”៕