មហាយក្សចិនចង់សាងសង់ស្ថានីយថាមពលសូឡានៅអវកាសដើម្បីបញ្ជូនថាមពលមកផែនដី

0

ដោយសុខុម

ប៉េកាំង: មហាយក្សចិន បានបោះជំហានឆ្ពោះទៅមុខយ៉ាងអស្ចារ្យជាប្រវត្តិសាស្ត្រក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីសាងសង់ស្ថានីយថាមពលសូឡា (ពន្លឺព្រះអាទិត្យ) នៅអវកាសក្នុងពេលអនាគត។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឱ្យដឹងថា គម្រោងដ៏មហិច្ឆតានេះគឺដើម្បីបំប្លែងថាមពលសូឡាក្នុងលំហអវកាសសម្រាប់ផ្គត់ផ្គង់ថាមពលដល់ផ្កាយរណបក្នុងដែនគន្លងតារាវិថី ឬបញ្ជូនថាមពលត្រលប់មកកាន់ភពផែនដីវិញ។

អ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យស៊ីទាន់ (Xidian University) ក្នុងប្រទេសចិន ទើបតែបានបញ្ចប់ការពិសោធដោយជោគជ័យ និងបញ្ជាក់ទទួលស្គាល់នូវស្ថានីយថាមពលសូឡាអវកាសសិប្បនិមិត្តដំបូងបង្អស់របស់ពិភពលោកនៅខែនេះប៉ុណ្ណោះ។

ការពិសោធសាកល្បងនូវស្ថានីយសូឡាអវកាសសិប្បិនិមត្ត ដែលជាសំណង់គ្រោងដែកមួយកម្ពស់៧៥ម៉ែត្រក្នុងខេត្តស៊ីអាន (Xi’an) ប្រទេសចិន នេះគឺសម្រាប់ការត្រៀមខ្លួនដើម្បីឈានទៅការសាងសង់ស្ថានីយថាមពលសូឡានៅទីអវកាសដែលមានឈ្មោះថា Zhuri នៅថ្ងៃអនាគត។

ស្ថានីយថាមពលសូឡាអវកាស (Space Solar Power Station (SSPS)) គឺជាប្រព័ន្ធផលិតថាមពលដែលមានមូលដ្ឋាននៅទីអវកាសសម្រាប់ប្រមូលថាមពលពន្លឺព្រះអាទិត្យ មុនពេលបំប្លែងវាទៅជាអគ្គិសនី ហើយបន្ទាប់មកផ្ទុកនៅក្នុងមីក្រូវ៉េវ (Microwave)។ ពន្លឺព្រះអាទិត្យនៅខាងក្រៅបរិយាកាសគឺភ្លឺខ្លាំងជាងធម្មតា ហើយបញ្ចេញពន្លឺស្ទើរតែពេញមួយថ្ងៃ។

បន្ទាប់មក ថាមពលដែលផ្ទុកនៅក្នុងមីក្រូវ៉េវនឹងត្រូវបញ្ជូនទៅកាន់ និងស្រូបយកតាមរយៈអង់តែនទទួលថាមពលទាំងនៅទីអវកាស ឬនៅលើភពផែនដីដែលបំប្លែងមីក្រូវ៉េវទៅជាអគ្គិសនីវិញ។

អ្នកស្រាវជ្រាវ និងនិស្សិតសរុបជាង១០០នាក់បានចូលរួមក្នុងគម្រោងសិក្សាស្រាវជ្រាវ និងពិសោធន៍សាកល្បងនេះ ហើយជាលទ្ធផលនៃការប្រឹងប្រែងរបស់ពួកគេ ការពិនិត្យផ្ទៀងផ្ទាត់ និងការបញ្ជាក់ទទួលស្គាល់បានជាប់ដោយជោគជ័យនៅថ្ងៃទី៥ ខែមិថុនា ពោលគឺលឿនជាងការរំពឹងទុកប្រមាណ៣ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here