ឡាវចាប់ផ្ដើមរឹតបន្តឹងការអភិវឌ្ឍលើដីកសិកម្ម ដោយសារបារម្ភខ្លាចអស់ដីធ្វើស្រែ និងដាំដំណាំ

0

ដោយសុខុម

ឡាវ: យើងសង្កេតឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា មានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាប្រភេទសំណង់លំនៅដ្ឋាន ឬការពុះដីឡូត៍លក់។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺថា ដីកសិកម្មរួមមានទាំងដីស្រែ និងដីចម្ការត្រូវបានពុះឡូត៍លក់យ៉ាងផុសផុលពាសពេញផ្ទៃប្រទេស។

ទោះជាយ៉ាងណា ប្រទេសឡាវ ហាក់ដើរបញ្ច្រាសពីកម្ពុជា ដោយពួកគេព្យាយាមការពារដីកសិកម្មទុកសម្រាប់ផលិតស្បៀងអាហារដែលបម្រើឱ្យសេចក្ដីត្រូវការដ៏ចាំបាច់ ដែលអត់មិនបានសម្រាប់ពលរដ្ឋរបស់ខ្លួន។

យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឱ្យដឹងថា ប្រទេសឡាវ គ្រោងនឹងរឹតបន្តឹងការអភិវឌ្ឍលើដីកសិកម្មដោយសារបារម្ភខ្លាចអស់ដីធ្វើស្រែ និងដាំដំណាំដើម្បីបញ្ចៀសការខ្វះខាតស្បៀងអាហារដែលអាចកើតមាននាពេលអនាគត។

កាសែត Paxason Newspaper បានចុះផ្សាយថា ឯកឧត្តម Phet Phomphiphak រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានមានប្រសាសន៍ក្នុងសម័យប្រជុំរដ្ឋសភាថា ក្រសួងនឹងធានាថា ប្រទេសឡាវ អាចរក្សាបាននូវគម្របព្រៃឈើចំនួន៧០%រួមទាំងដីនៅតាមមាត់ស្ទឹង មាត់ទន្លេផងដែរ។

បច្ចុប្បន្នប្រទេសឡាវ មានផ្ទៃដីកសិកម្មចំនួន៤,៥លានហិកតា ដោយក្នុងនោះ២លានហិកតាទុកសម្រាប់ធ្វើស្រែ ហើយសល់ប៉ុន្មានទុកសម្រាប់ដំណាំកសិកម្ម និងកសិដ្ឋានចិញ្ចឹមសត្វ។

ក្រសួងកំពុងអនុវត្តគម្រោងបែងចែកដី និងបោះបង្គោលកំណត់ព្រំប្រទល់សម្រាប់តំបន់ការពារឆ្លើយតបទៅនឹងការវិនិយោគខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ដើម្បីផ្តល់អាទិភាពដល់ការបង្កបង្កើនផលដំណាំសម្រាប់លក់ចេញនៅលើទីផ្សារ។

ទោះជាយ៉ាងណា ថ្វីដ្បិតតែមានដីកសិកម្មច្រើនយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្ដី ក៏កសិករក្នុងប្រទេសឡាវ កំពុងជួបបញ្ហាកង្វះប្រេងឥន្ធនៈ និងការឡើងថ្លៃជីកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here