ដោយ៖ សុផារី
កោះកុង៖ កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅកាន់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដែលត្រូវបែងចែកជា៧កញ្ចប់សាងសង់ ដែលនៅក្នុងនោះ៣កញ្ចប់សម្រេចបាន១៥%ហើយ។
នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។
បើតាមលោកទេសរដ្ឋមន្ត្រី ក្នុងថវិកាចំនួន១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង ដោយឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈមកសាងសង់។
ចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុនដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន៨កន្លែង។
ប្រភេទកាងារមានដូចតទៅ ១) ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ១០ម៉ែត្រ និងកន្លែងខ្លះ១១ម៉ែត្រ ២) ការងារពង្រីកស្ពានបេតុង និងលូចំនួន៤៦ទីតាំង និង៣) ការងារស្ថាបនាស្ពានថ្មីចំនួន០៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍នៅគ្រប់រដូវកាល ដែលឆ្នាំខ្លះកន្លងមកត្រូវទឹក ជំនន់ជន់លិច កំណាត់ផ្លូវជាតិលេខ៤ បង្កការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួងក៏បានជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការស្ថាបនាពង្រីកផ្លូវនេះឱ្យចប់ផែនការដែលបានគ្រោងទុកផងដែរ ដោយបានលើកឡើងពីលក្ខណៈបច្ចេកទេសស្ថាបនាផ្លូវខុសគ្នាពីផ្លូវ មួយទៅផ្លូវមួយ អាស្រ័យលើស្ថានភាពភូមិសាស្ត្រ កម្រិតថវិកាដែលមាន និងចំនួនរថយន្តធ្វើដំណើរឆ្លងកាត់។
លោកបានមានប្រសាសន៍ថា ឧទាហរណ៍ ផ្លូវជាតិលេខ៤៨ យើងចាក់បេតុងកៅស៊ូត្រឹមតែ៧សង់ទីម៉ែត្រប៉ុណ្ណោះ ដោយសារចំនួនរថយន្តបើកលើផ្លូវជាតិលេខ៤៨មានចំនួនតិចជាងរថយន្តដែលបើកលើផ្លូវជាតិលេខ៥ ដែលជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់របស់ជាតិយើង ជាផ្នែកមួយរបស់ផ្លូវអាស៊ានហាយវេលេខមួយ តភ្ជាប់ប្រទេសថៃ មកកម្ពុជា ទៅវៀតណាម តាមផ្លូវជាតិលេខមួយ ដូច្នេះផ្លូវនេះត្រូវលើកកម្រិតគុណភាពតាមចំនួនរថយន្តដឹកទំនិញធុនធ្ងន់៕