ដោយ:លាងហួរ
អាមេរិក: តម្លៃប្រេងនៅសហរដ្ឋអាមរិក បានធ្លាក់ចុះកាលពីថ្ងៃពុធម្សិលមិញ ខណៈ ដែលទីផ្សារកំពុងបារម្ភពីតម្រូវការ ដែលនឹងមានការហក់ឡើងខ្ពស់បំផុត។
តម្លៃប្រេងWest Texas Intermediate សម្រាប់ការចែកចាយខែសីហាបានធ្លាក់ចុះ៣,៣៣ដុល្លារអាមេរិក ឬ៣ភាគរយ ដើម្បីទូទាត់នៅត្រឹមតម្លៃ១០៦,១៩ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅ Brent សម្រាប់ការចែកចាយខែសីហា បានធ្លាក់ចុះ២,៩១ដុល្លារឬ២,៥ភាគរយ មកនៅត្រឹមតម្លៃ១១១,៧៤ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange។
តម្លៃប្រេងធ្លាក់ចុះ ខណៈដែលឈ្មួញមានការព្រួយបារម្ភថា ជំហានរបស់ធនាគារកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា នឹងធ្វើឱ្យកំណើនតម្លៃប្រេងយឺត និងប៉ះពាល់ដល់តម្រូវការឥន្ធនៈ។
លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកបានមានប្រសាសន៍ថា ធនាគារកណ្តាលកំពុងព្យាយាមធ្វើឱ្យអតិផរណាធ្លាក់ចុះ ប៉ុន្តែការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់ ធនាគារកណ្តាលអាមេរិក(Fed) អាចធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ប្រទេសចូលរួមទិញប្រេងផ្សេងទៀត ក៏កំពុងរង់ចាំទិន្នន័យស្តីពីសារពើភ័ណ្ឌឥន្ធនៈរបស់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលព័ត៌មានថាមពលនឹងចេញផ្សាយរបាយការណ៍ ទាក់ទងនឹងស្ថានភាពប្រេងឥន្ធនៈ ប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយ ក្រុមហ៊ុនS&P Global Commodity Insights បានព្យាករណ៍ថា ការស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក នឹងមានការធ្លាក់ចុះចំនួន៣,៧លានបារ៉ែល សម្រាប់ចុងសប្តាហ៍នេះ៕