ដោយ៖ សុផារី
កោះកុង៖ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ដែលមានតម្លៃប្រមាណ១,៥លានដុល្លារអាមេរិក គ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងដឹកជញ្ជូនក្នុងស្រុក និងប្រទេសជិតខាងផងដែរ។
នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ១១៥ម៉ែត្រ x១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ។
គម្រោងមួយនេះ សម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។
កំពង់ផែនេះគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ៕