ដោយៈ សុផារី
ខេត្តព្រះសីហនុៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយលោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់ខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិ-ឧ្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។ ខេត្តព្រះសីហនុ ជាខេត្តមាត់ច្រក ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់វែងជាងគេក្នុងទូទាំងប្រទេស មានប្រវែង៣.៤០០ម៉ែត្រ មានកំពង់ផែសមុទ្រអន្តរជាតិ មានផ្លូវដែក និងជាពិសេសមានផ្លូវល្បឿនលឿន ដែលមានប្រវែង១៩០គ.ម តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ។
ដោយឡែកការវិនិយោគរបស់ក្រុមហ៊ុន AEON MALL Cambodia LOGIPLUS Co,LDT សាងសង់ឃ្លាំងស្តុបទំនិញលើផ្ទៃដី៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានបង្ហាញពីការតភ្ជាប់នៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងការជឿជាក់របស់ក្រុមហ៊ុនអន្តរជាតិលើសុខសន្តិភាពរបស់ប្រទេសកម្ពុជា។
លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវ ឌ្ឍជាតិមួយ ដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដី ចក្ខុវិស័យឆ្នាំ២០៣០។ ការអភិវឌ្ឍន៍ខេត្កព្រះសីហនុ នឹងធ្វើឡើងប្រកបដោយចីរភាព តាមរយៈការប្រែក្លាយទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ។
លោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA និងក្រុមការងារអ្នកជំនាញ IFC បានថ្លែងអំណរគុណលោកអភិបាលរងខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងស្វែងយល់ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ដោយសាររយ:ពេលពីឆ្នាំកន្លងមកនេះ យើងមានការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យរាំងស្ទះដំណើរការចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍន៍ផ្សេងៗទៀត។
លោកសង្ឃឹមថា “ក្រោយពីចប់កូវីដ យើងនឹងចាប់ដៃគូរសហការឱ្យបានឆាប់រហ័សតាមអ្វី ដែលយើងអាចធ្វើទៅបាន”៕