រុស្ស៊ីស្វះស្វែងរកទីផ្សារឥន្ធនៈថ្មីៗនៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ក្រោយអស់ផ្លូវរកស៊ីជាមួយសហភាពអឺរ៉ុប

0

ដោយ៖ សុខុម

មូស្គូ: ប្រទេសរុស្ស៊ី កំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង និងឥន្ធនៈទៅកាន់ទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ា ក្រោយពីខ្លួនអស់ផ្លូវរកស៊ីជាមួយសហភាពអឺរ៉ុប ខណៈតំបន់អាស៊ី កំពុងទទួលទិញប្រេងឆៅរបស់រុស្ស៊ី ក្នុងបរិមាណច្រើនជាងធម្មតារួចទៅហើយ។

នេះបើយោងតាមទិន្នន័យរបស់ Refinitiv Eikon ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ និងការទម្លាយឱ្យដឹងពីប្រភពច្បាស់ការ។

សារព័ត៌មានសិង្ហបុរី CNA បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា នេះថា ស្ថានភាពនេះទំនងជាធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងដើម្បីដណ្ដើមអតិថិជននៅអាស៊ី រវាងប្រទេសរុស្ស៊ី និងប្រទេសនាំចេញប្រឹងឥន្ធនៈធំៗផ្សេងទៀតដូចជាអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់កំពូលទាំង៣មកកាន់អាស៊ី។

សហភាពអឺរ៉ុប បានកាត់បន្ថយការនាំចូលប្រេងឆៅ និងឥន្ធនៈរបស់រុស្ស៊ី បន្តិចម្តងៗចាប់តាំងពីខែមីនា ដើមឆ្នាំនេះ ហើយបានព្រមព្រៀងលើការហ៊ុមព័ទ្ធទាំងស្រុងលើប្រេងឆៅ និងឥន្ធនៈរបស់រុស្ស៊ី នៅត្រឹមដំណាច់ឆ្នាំ២០២២ ក្នុងទណ្ឌកម្មលើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

អ្នកទិញនៅតំបន់អាស៊ី បានសម្រុកបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ី យ៉ាងឆាប់រហ័ស ទោះបីជាអាស៊ី មិនមែនជាទីផ្សារឥន្ធនៈរុស្ស៊ី យ៉ាងណាក៏ដោយចុះ ព្រោះអាស៊ី ចម្រាញ់ប្រេងច្រើនជាងតម្រូវការរួចទៅហើយ និងជាអ្នកនាំចេញឥន្ធនៈសុទ្ធ។

កត្តានេះបានជំរុញឱ្យរុស្ស៊ី ចាប់យកទីផ្សារថ្មីៗដូចជានៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ដែលមានសារៈសំខាន់សម្រាប់រុស្ស៊ី ដើម្បីការពារចំណែកទីផ្សារពិភពលោករបស់ខ្លួន និងដើម្បីទប់ស្កាត់ការធ្លាក់ចុះកាន់តែខ្លាំងនូវការនាំចេញ និងទិន្នផលប្រេងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here