ដោយ៖ សុខុម
ហាណូយ: ការអភិវឌ្ឍអគារដែលសន្សំសំចៃថាមពលគឺជានិន្នាការ (Trend) ដ៏ពេញនិយមដែលជៀសមិនរួចសម្រាប់ប្រទេសវៀតណាម ដើម្បីសម្រេចបាននូវគោលបំណងបរិស្ថានរបស់ខ្លួន។
យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ឱ្យដឹងថា ថាមពលដែលប្រើប្រាស់ដោយអគារខ្ពស់ៗកប់ពពកក្នុងប្រទេសវៀតណាម មានចន្លោះពី៣៥%ទៅ៤០%នៃការប្រើប្រាស់ថាមពលសរុបនៅទូទាំងប្រទេស។
ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Cushman & Wakefield (CWK) បង្ហាញថា អចលនទ្រព្យរួមចំណែកប្រមាណ៤០%នៃការបំភាយឧស្ម័នសរុបចូលទៅក្នុងបរិយាកាសក្នុងប្រទេសនេះ។
យោងតាមក្រុមប្រឹក្សាអគារបៃតងវៀតណាម (Vietnam Green Building Council) ឱ្យដឹងថា នៅទូទាំងប្រទេសវៀតណាម មានអគារបៃតង ឬអគារសន្សំសំចៃអគ្គិសនីប្រហែល២០០អគារ។
នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ (COP26) វៀតណាម បានប្តេជ្ញាសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។
ហើយដើម្បីសម្រេចគោលដៅបរិស្ថាននោះ វៀតណាម ចាំបាច់ត្រូវអភិវឌ្ឍអគារសន្សំសំចៃថាមពលបន្ថែមទៀតដែលមានគុណភាពខ្ពស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើបរិស្ថាន ព្រមទាំងសន្សំសំចៃថ្លៃចំណាយលើថែទាំ ជួសជុល និងការប្រើប្រាស់ថាមពលនាពេលអនាគតផងដែរ៕