ដោយៈ គង់ សូរិយា
បាត់ដំបងៈ ក្នុងគោលដៅទាក់ទាញទេសចរណ៍អន្តរជាតិ និងលើកកំពស់នូវគុណតម្លៃសំណង់សម័យអាណានិគម អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារបុរាណក្នុងក្រុងបាត់ដំបង។
គោលដៅនៃការស្នើសុំនេះ ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត ។
អភិបាលនៃគណអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានស្នើសុំ លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលើផែនការនេះ កាលពីសប្តាហ៍មុន ដោយលោកបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ថែរក្សាសំណង់អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យជួសជុលផ្ទះ ដែលជាសំណង់បុរាណ ដោយខុសពីទម្រង់ដើមនៃអគារនោះឡើយ។
លោកបន្តថា “ដោយសារខ្ចះខាតលើការងារបច្ចេកទេស និងថវិកា សំណង់បុរាណមួយចំនួន និងផ្សារមួយដែលជាសំណង់ តាំងពីសម័យអាណានិគមបារាំង បាននិងកំពុងជួបប្រទះហានិភ័យ”។
ជាការឆ្លើយតប លោកហ្សាក់ ប៉ឺឡេ បានឲ្យដឹងថា បារាំងក៏បាននិងកំពុងគិតគូអំពី ការអភិរក្សសំណង់បេតិកភ័ណ្ឌនៅកម្ពុជា ដោយបានរៀបចំផែនការអភិវឌ្ឍន៍ និងអភិរក្សសំណង់បេតិកភណ្ឌសតវត្សន៍ទី២០ ដែលត្រូវធ្វើការសិក្សាអំពីប្លង់ឲ្យបានលំអិត និងធ្វើការពិភាក្សាជាមួយដៃគូនានានៅប្រទេសបារាំងជាមុនសិន។
លើសពីនេះ លោកអភិបាលខេត្ត ក៏បានស្នើឲ្យអ្នកវិនិយោគបារាំង ពិនិត្យលទ្ធភាព
ដាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃ ផ្លែឈើក្នុងខេត្តបាត់ដំបងផងដែរ ដើម្បីងាយស្រួលនាំចេញទៅក្រៅប្រទេស៕