ក្រុមហ៊ុនដ៏ល្បីរបស់អង់គ្លេស Foster & Partners កំពុងឌីសាញអាគារកំពស់ ៦០០ម៉ែត្រ លើទីក្រុងកោះនរា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សអង់គ្លេស ដ៏ល្បីល្បាញ Foster& Partners បាននិងកំពុងឌីសាញអាគារកប់ពពកថ្មីមួយ នៅលើទីក្រុងកោះនរា ដែលអាគារនេះគ្រោងនឹងសាងសង់កំពស់រហូតដល់៦០០ម៉ែត្រ។

ប្រភពព៌តមានដែលគួរឲ្យទុកចិត្តបាន ពីក្រុមហ៊ុនOCICបានឲ្យដឹងកាលពីពេលថ្មីៗនេះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ដោយសារទម្រង់អាគារចាស់មិនសូវមានភាពទាក់ទាញ ទើបអ្នកឧកញ៉ាពុង ឃាវសែប្រធានអគ្គនាយកក្រុមហ៊ុនOCIC បានជ្រើសរើសក្រុមហ៊ុនFoster &Partnersរៀបចំឌីសាញអាគារកប់ពពក នៅលើទីក្រុងកោះនរា ដែលដើមឡើយអាគារមេនៃទីក្រុងនេះ គ្រោងសាងសង់កំពស់ត្រឹម៥០០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រោ​យមកផែនការបានផ្លាស់ប្តូរ។

ក្រុមហ៊ុនFoster& Partnersជាអ្នកដេញថ្លៃឈ្នះ លើការឌីសាញគំរោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងកំពុងដំណើរការ​សាងសង់ព្រលានយន្តហោះនេះផងដែរ។

យោងតាមប្រភព៌តមានបានឲ្យដឹងថា ផែនការសាងសង់អាគារមេ និងមានកំពស់៦០០ម៉ែត្រនេះ អាចនឹងពន្យាពេលរយៈពេល ព្រោះបច្ចុប្បន្នក្រុមហ៊ុនOCIC កំពុងប្រឈមបញ្ហាថវិកាផងដែរ ដែលធ្វើឲ្យផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ អាចពន្យាពេលក្នុងការបញ្ចប់ដំណាក់កាលទី១តាមការគ្រោងទុក។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា តាមផែនការការសាងសង់
អគារកប់ពពក នៅលើទីក្រុងកោះនរា គ្រោងនឹងធ្វើឡើងនៅដើមឆ្នាំនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩បានធ្វើឲ្យគំរោងនេះ ត្រូវបានពន្យាពេល។

ទីក្រុងកោះនរា មានទំហំសរុបចំនួន១២៥ហិកតា ដែលបាននិងកំពុងចាក់បំពេញខ្សាច់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋជាទីក្រុងឆ្លាតវៃ ដោយប្រព័ន្ឋខ្សែបណ្តាញអគ្គិសនីទាំងអស់ត្រូវកប់ក្រោមដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here