ដោយ: លាងហួរ
រុស្ស៊ីៈ ប្រភពមួយបានរាយការណ៍ថា អង្គការOPECនិងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដែលផលិតប្រេង រួមទាំងប្រទេសរុស្ស៊ី ទំនងជានឹងប្រកាន់ខ្ជាប់នូវផែនការ ក្នុងការបង្កើនផលិតផលប្រេងនៅក្នុងខែសីហា។
ផែនការនេះ ធ្វើឲ្យអ្នកជំនាញសង្ឃឹមថា នឹងអាចបន្ធូរបន្ថយការកើនឡើងតម្លៃប្រេង និងសម្ពាធអតិផរណា ខណៈដែលប្រធានាធិបតីអាមេរិកចូបៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈិមបូព៌ា។
នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី២ខែមិថុនា ក្រុមប្រទេសដែលគេស្គាល់ថា ជាសមាជិក OPEC+បានឯកភាព ក្នុងការបង្កើនផលិតផលប្រេង៦៤៨.០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកក្កដា រឺស្មើនឹង០,៧% នៃតម្រូវការក្នុងពិភពលោក និងផលិតប្រេងចំនួនដូចគ្នានៅក្នុងខែសីហា ពោលគឺកើនឡើងលើសពីផែនការដំបូង ក្នុងការការផលិតត្រឹមតែ៤៣២.០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងរយៈពេលបីខែរហូតដល់ខែកញ្ញា។
ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានសម្ពាធជាច្រើនខែ ពីប្រទេសលោកខាងលិច ដើម្បីដោះស្រាយបញ្ហាកង្វះថាមពលសកល ដែលកាន់តែអាក្រក់ឡើង ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើ រុស្ស៊ីជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ។
អង្គការOPEC +នឹងបើកកិច្ចប្រជុំបន្ទាប់របស់ខ្លួន នៅថ្ងៃទី៣០ ខែមិថុនា ដែលកិច្ចប្រជុំនេះ ទំនងជាផ្តោតលើគោលនយោបាយ ទិន្នផលប្រេងក្នុងខែសីហា។
ប្រភពពីអង្គការOPEC + បានឱ្យដឹងថា អង្គការនេះនឹងមិនផ្លាស់ប្តូរផែនការ នៅក្នុងកិច្ចប្រជុំក្នុងខែមិថុនានេះទេ៕