មហាយក្សចិន នឹងពន្លឿនរៀបចំច្បាប់ការពារដីកសិកម្មដើម្បីធានាសន្តិសុខស្បៀង

0

ដោយៈ សុខុម

ប៉េកាំង: ក្រសួងធនធានធម្មជាតិចិន បានបញ្ជាក់ថា ប្រទេសចិន នឹងពន្លឿនលើការបង្កើតច្បាប់ការពារដីកសិកម្ម ដែលជាការបោះជំហានមួយទៀត ដើម្បីការពារដីស្រែចម្ការ ជាមួយនឹងគោលបំណងធានាសន្តិសុខស្បៀង
ក្នុងប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា។

ក្រសួងដដែលនិយាយថា បទប្បញ្ញត្តិដែលមានស្រាប់ ដូចជា ការហាមប្រាម លើការប្រើប្រាស់ដីបង្កបង្កើនផលដំណាំ ក្នុងគោលបំណងផ្សេងដូចជា ការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ឬលំនៅដ្ឋានជាដើម នឹងត្រូវលើកកម្ពស់ទៅជាច្បាប់។

ប្រទេសចិន តែងតែប្រកាន់ខ្ជាប់ នូវប្រព័ន្ធការពារកសិកម្មយ៉ាងតឹងរ៉ឹងបំផុត ដោយខិតខំធ្វើយ៉ាងណា ធានារក្សាទុកផ្ទៃដីកសិកម្មរបស់ខ្លួនឱ្យស្ថិតនៅលើសបន្ទាត់ក្រហម១២០លានហិកតា។

យោងតាមការស្ទង់មតិដីធ្លីថ្នាក់ជាតិមួយបង្ហាញថា នៅដំណាច់ឆ្នាំ២០១៩ ប្រទេសចិន មានដីកសិកម្មសរុបចំនួន១២៨លានហិកតា។

យោងតាមគោលនយោបាយឆ្លងវិស័យថ្នាក់ជាតិ No. 1 Central Document ដែលត្រូវបានចេញផ្សាយកាលពីខែកុម្ភៈ បង្ហាញថា នៅក្នុងឆ្នាំ២០២២ ប្រទេសចិននឹងអភិវឌ្ឍដីកសិកម្ម ស្តង់ដារខ្ពស់ឱ្យបានចំនួន៦,៦៧លានហិកតា លើកកម្ពស់គម្រោងថ្នាក់ជាតិនានា លើការការពារដីខ្មៅ និងចាប់ផ្តើមជំរឿនស្ថានភាពដីទូទាំងប្រទេសលើកទី៣៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here