សុខុម
ញូវដេលី: មិនយូរទេ មហាយក្សឥណ្ឌា ដែលមានប្រជាជនដល់ទៅ១.៣៨៨លាននាក់គិតត្រឹមឆ្នាំ២០២២ បើយោងតាមគេហទំព័រ indiaonlinepages.com នឹងក្លាយជាប្រទេសមួយ ដែលមានទំហំសេដ្ឋកិច្ចរហូតដល់ទៅ៣០ទ្រីលានដុល្លារ ធៀបនឹងទំហំសេដ្ឋកិច្ច៣ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ន។
នេះជាអ្វីដែលលោក Piyush Goyal រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានលើកឡើង ដោយទំនុកចិត្តខ្ពស់ និងសុទិដ្ឋិនិយម។ នេះបើយោងតាមសារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមិថុនានេះ។
លោក Piyush Goyal បានគូសបញ្ជាក់ក្នុងពិព័រណ៍វាយនភណ្ឌក្នុងក្រុង Coimbatore នៃរដ្ឋភាគខាងត្បូង Tamil Nadu កាលពីថ្ងៃទី២៥ ខែមិថុនាថា ដើម្បីសម្រេចមហិច្ឆតានេះ រដ្ឋាភិបាលឥណ្ឌា បាននិងកំពុង “ខ្នះខ្នែងដោះស្រាយរាល់បញ្ហា រួមទាំង របាំងពន្ធ បញ្ហាពន្ធដារ និងការប្រកួតប្រជែងជាសកលផងដែរ”។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ប្រទេសឥណ្ឌា កំពុងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឱ្យចប់សព្វគ្រប់ ដែលនឹងផ្ដល់ឱកាសឱ្យវិស័យវាយនភណ្ឌឥណ្ឌា ចូលទៅកាន់ទីផ្សារពិភពលោក ដោយមិនអស់ពន្ធ។
លោកបានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងខ្សែសង្វាក់តម្លៃ (Value Chain) ខិតខំប្រឹងប្រែងឱ្យខ្លាំង រួបរួមគ្នា ធ្វើយ៉ាងណាជួយជ្រោមជ្រែងមហាយក្សឥណ្ឌា ឱ្យក្លាយជាប្រទេសផលិតកម្មដ៏ធំបំផុតក្នុងពិភពលោក។
ខ្សែសង្វាក់តម្លៃ ឬ Value Chain គឺជាដំណើការភ្ជាប់ទំនាក់ទំនងគ្នារវាងតួអង្គ (ដូចជាអ្នកផលិត អ្នកផ្តល់សេវាកម្ម អ្នកផ្គត់ផ្គង និងអ្នកលក់ជាដើម) ដើម្បីស្វែងរកការគាំទ្រគ្នាទៅវិញទៅមក ដែលនាំមកនូវការបង្កើនប្រសិទ្ធភាពខ្ពស់សម្រាប់ផលិតផលមួយ និងច្រើន។
លោក Piyush Goyal បានបន្ថែមទៀតថា ចាប់ពីកសិដ្ឋានរហូតដល់ក្រណាត់ ចាប់ពីក្រណាត់រហូតដល់ផលិតផលសម្រេច ចាប់ពីផលិតផលសម្រេចរហូតដល់ផលិតផលម៉ូត ហើយចុងក្រោយរហូតដល់ផលិតផលបរទេស ឥណ្ឌា មានចំណែកយ៉ាងធំធេង នៅក្នុងខ្សែសង្វាក់តម្លៃទាំងមូល។
រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ឥណ្ឌា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចប់សព្វគ្រប់ចំនួន២ជាមួយប្រទេសអូស្ត្រាលី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត ហើយកំពុងចរចាជាមួយអង់គ្លេស កាណាដា និងសហភាពអឺរ៉ុប។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដល់មជ្ឈមណ្ឌលអាជីវកម្មវាយនភណ្ឌដូចជាក្រុង Coimbatore និងក្រុង Tirupur នៃរដ្ឋ Tamil Nadu៕