ដោយ៖ សុផារី
តាកែវ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកំណត់និយាមការផ្ទៃបឹងទន្លេបាទីទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្នុងនោះ ផ្ទៃដីទំហំជាង១១៦ហិកតា ក្នុងស្រុកបាទី ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃដីទំហំជាង១០៦ហិចតា ក្នុងស្រុកកណ្តាលស្ទឹង និងផ្ទៃដីទំហំ៤៦ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្ដាល។
នេះបើយោងតាមអនុក្រឹត្យស្ដីពីការកំណត់និយាមការផ្ទៃបឹងទន្លេបាទី ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ហើយត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ។
អនុក្រឹត្យខាងលើក៏បានកំណត់និយាមកាផ្ទៃបឹងទន្លេបាទីទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ទំហំ៩៧ហិកតា១៩អានិង១៩សង់ទីអា ក្នុងនោះផ្ទៃបឹងទំហំ៥៧ហិកតា៧៥អា និង៦៩សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃបឹងទំហំ៣៩ហិកតា៤៣អានិង៥០សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាល។
តាមរយៈអនុក្រឹត្យដដែល រដ្ឋាភិបាលក៏សម្រេចធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ នូវផ្ទៃដីស្ថិតក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន២ទីតាំងដូចខាងក្រោម៖
១. ផ្ទៃដីទំហំ២២២ហិកតា៦៣អានិង៧៧សង់ទីអា នៅសល់ពីផ្ទៃបឹងទន្លេបាទីដែលរក្សាទុក។ ក្នុងនោះផ្ទៃដីទំហំ១១៦ហិកតា៣៥អានិង៣៤សង់ទីអា ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃដីទំហំ១០៦ហិកតា២៨អានិង៤៣សង់ទីអា ស្ថិតនៅឃុំព្រែករកា និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាល។
២. ផ្ទៃដីទំហំ៤៦ហិកតា២៨អានិង៦៦សង់ទីអា ស្ថិតនៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលបានចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្ដាល មានចំនួន៤បណ្ណ៕