ក្រៅពីចិននិងឥណ្ឌា រុស្ស៊ីទាក់ទាញប្រទេសនៅអាស៊ីឱ្យទិញប្រេងបញ្ចុះតម្លៃថោកៗរបស់ខ្លួន

0

ដោយ៖ លាងហួរ

រុស្ស៊ី៖ ប្រទេសរុស្ស៊ីកំពុងបង្កើនគុណភាពនៃការនាំចេញប្រេងឆៅ Urals ដ៏ល្បីរបស់ខ្លួន ដោយលក់បញ្ចុះតម្លៃយ៉ាងច្រើន ដើម្បីទាក់ទាញអ្នកទិញប្រេងនៅអាស៊ី។

ការនាំចេញប្រេងរបស់រុស្ស៊ីត្រូវបានមើលឃើញថា នៅបន្តមានភាពរឹងមាំ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ ខណៈដែលប្រទេសចិន និងឥណ្ឌាបង្កើនការទិញប្រេងពីរុស្ស៊ី។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងម៉ូស្គូឥឡូវនេះរកប្រាក់បានច្រើនជាងមុនសង្គ្រាមនៅអ៊ុយក្រែនទៅទៀត ដោយសារតម្លៃប្រេងនិងឧស្ម័នកើនឡើង។

បើយោងតាមទិន្នន័យពីសារពត៌មាន Reuters ប្រទេសរុស្ស៊ីបានលាយបញ្ចូលគ្នានៃប្រេងUrals ដើម្បីធ្វើឱ្យប្រេងកាន់តែស្រាលក្នុងរយៈពេល៣ខែចុងក្រោយនេះ បើទោះបីជាមានការហាមឃាត់លើការនាំចូលបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មប្រេង និងឧស្ម័នពីលោកខាងលិចក៏ដោយ។

ក្រុមហ៊ុនបំពង់បង្ហូរប្រេងរុស្ស៊ី Transneft ដែលដឹកជញ្ជូនប្រេងឆៅភាគច្រើន តាមរយៈប្រព័ន្ធបង្ហូររបស់ខ្លួន និងទទួលខុសត្រូវចំពោះការត្រួតពិនិត្យគុណភាព មិនបានឆ្លើយតបទៅនឹងសំណើររបស់សារព័ត៌មាន Reuters សម្រាប់ការសុំធ្វើអត្ថាធិប្បាយទេ។

ប្រទេសចិន និងឥណ្ឌាបានក្លាយជាអ្នកទិញប្រេងរុស្ស៊ីដ៏ធំ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ខណៈដែលទីក្រុងម៉ូស្គូស្វែងរកទីផ្សារផ្សេងទៀត ដើម្បីលក់ប្រេងរបស់ខ្លួន ខណៈដែលការនាំចេញប្រេងទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ មុនពេលសភាពអឺរ៉ុបហាមឃាត់ការនាំចូលប្រេងរុស្ស៊ីទាំងស្រុងនៅចុងឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here