ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនបានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ លោកស៊ុន ចាន់ថុលពន្លឿនការចចាជាមួយភាគីកូរ៉េ ដើម្បីពន្លឿនការជួសជុលនិងពង្រីកផ្លូវជាតិលេខ2។
ក្នុងដំណើរតាមរថយន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិតជាង២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ វិច្ឆិកានេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពន្លឿនការចចាជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បី ពន្លឿនការពង្រីកផ្លូវជាតិលេខ២ ដែលជាផ្លូវសំខាន់មួយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ស្រុកគិរីវង្ស ខេត្តតាកែវជាប់ព្រំប្រទល់ប្រទេសវៀតណាម។ សម្តេចតេជោបានសម្តែងការងឿងឆ្ងល់ និងមិនសប្បាយចិត្ត ចំពោះភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២នេះ។
សម្តេចបន្តថា “ស្ថានភាពក្នុងខេត្តតាកែវបានប្តូរអស់ហើយ មិនដូចពីមុននោះទេ អ្វី ដែលមិនប្តូរគឺមានតែផ្លូវជាតិលេខ២ប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាដើម្បីចាប់ផ្តើមសាងសង់ និងពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ ដោយការសាងសង់អាចចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខនេះ ដោយគំរោងនេះស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលកូរ៉េ។
លោកបន្តថា “បច្ចុប្បន្នមន្ត្រីពាក់ព័ន្ឋកំពុងដោះស្រាយ ផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ មុនពេលផ្លូវនេះនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់”៕