រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ស្នើ​ឲ្យ​ក្រុមហ៊ុន Hitachi បង្កើត​រោងចក្រ​នៅ​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក​ចម ប្រ​សិ​ទ្ឋ​បានស្នើ​ឲ្យ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Hitachi បង្កើត​រោងចក្រ​ផលិត​ផលិតផល​នេះ​នៅ​កម្ពុជា ដើម្បី​លក់​នៅ​កម្ពុជា និង​អាច​នាំចេញ​ដោយ​រួច​ព​ន្ឋ​ផងដែរ។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Hitoshi Ito នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Hitachi Co,Ltd នៅ​ទីស្តីការក្រសួង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក​លោក​ចម ប្រ​សិ​ទ្ឋ​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន Hitachi Co,Ltd គឺជា​ក្រុមហ៊ុន​មានឈ្មោះ​ល្បី​របស់​ជប៉ុន ដោយ​ផលិត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព ដូចជា​គ្រឿង​អេឡិចត្រូនិក និង​អគ្គិសនី​ជាដើម ដូច្នេះ​ដើម្បី​ឲ្យ​ផលិតផល​នេះ​មាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា កាន់តែ​ទូលំទូលាយ ក្រុមហ៊ុន​គួរ​បង្កើតជា​កម្មវិធី​តាំង​ពិ​ព័រ​ណ៌ ឬ​បង្កើតជា​បន្ទប់​តាំង​បង្ហាញផ្សេងៗ ដើម្បី​ជម្រុញ​ការធ្វើ​ចរាចរ​ផលិតផល​នេះ​ឲ្យ​កាន់តែ​ប្រសើរ។

លោក​បន្តថា ដើម្បី​ឲ្យ​ផលិតផល Hitachi មាន​ស្ថិរភាព​ក្នុង​ទីផ្សារ​នៅ​កម្ពុជា ក្រុមហ៊ុន​គួរ​បង្កើត​រោងចក្រ​ផលិត ឧបករណ៍​ម៉ាក​Hitachiនៅ​កម្ពុជា​តែម្តង ព្រោះ​ក្រោយពី​ផលិត​រួច​ផលិតផល​នេះ មិន​ត្រឹមតែ​សម្រាប់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​អាច​នាំ​ផលិតផល​របស់ខ្លួន លក់​ចេញទៅ​ផ្សារ​ក្រៅប្រទេស​បាន ដោយ​រួច​ពន្ធ​ក្នុងការ​នាំចេញ​ផងដែរ។

កន្លងមក​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយ​ការិយាល័យ​ប្រកាសនីយ៍បត្រ​តក្កកម្ម​ជប៉ុន​រួចហើយ ដែល​ការចុះ​អនុស្សរណ​នេះ​ធ្វើឡើង​ក្នុង​បំណង​ធ្វើ​កិច្ចប្រតិបត្តិការ ចុះបញ្ជី​ការពារ​នូវ​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន​នៅ​កម្ពុជា ដែលជា​ឧបករណ៍​ផ្លូវច្បាប់​មួយ​ក្នុង​កិច្ចការពារ​លួច​ចម្លង​ស្នាដៃ និង​ការច្នៃប្រឌិត​ថ្មី​របស់​តក្កករ ដែលជា​ម្ចាស់​នៃ​អ្នក​រកឃើញ​បច្ចេកវិទ្យា​អ្វីមួយ។

លោក Hitoshi Ito នាយក​ប្រតិបត្តិ​រង​នៃ​ក្រុមហ៊ុន Hitachi Co,Ltd បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​នឹងធ្វើ​ការពិនិត្យ​ពិចារណា ស្រប​ពេលដែល​បរិយាកាស​វិនិយោគ និង​សក្តានុពល​របស់​កម្ពុជា កាន់​តែមាន​លក្ខណៈ​អំណោយផល​ល្អប្រសើរ។    ជាមួយគ្នានេះ​លោក​ក៏បាន​បង្ហាញ​នូវ​ការភ្ញាក់ផ្អើល ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​យ៉ាង​រហ័ស​នៃ​សេដ្ឋកិច្ច និង​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។

តាមរយៈ​នេះ​លោក​មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ ក្នុងការ​ទទួលបាន​ភា​ព​គាំទ្រ​បន្ថែមទៀត​លើ​ទីផ្សា​កម្ពុជា ចំពោះ​ផលិតផល​ម៉ាក Hitachi៕

LEAVE A REPLY

Please enter your comment!
Please enter your name here