ដោយ: លាងហួរ
ប្រទេសចិន: ក្រុមហ៊ុនអចលទ្រព្យChina Vanke Co បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យចិន បានធ្លាក់ចុះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលពេលនេះវិស័យអចលទ្រព្យនៅចិន បានកើនឡើងយ៉ាងច្បាស់ពីមួយខែទៅមួយខែក្នុងការលក់នៅក្នុងខែមិថុនា ដែលនាំឱ្យមានការកើនឡើងនៃវិស័យអចលនទ្រព្យនៅក្នុងពាណិជ្ជកម្មចិន។
លោក Yu Liang ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យChina Vankeរបស់ប្រទេសចិនបានព្រមានថា ការស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យ នឹងមានភាពយឺតយ៉ាវ ប៉ុន្តែលោកបានជួយជំរុញឱ្យសន្ទស្សន៍អចលនទ្រព្យCSI របស់ចិនដីគោកកើនឡើង៦ភាគរយ ខណៈដែលសន្ទ ស្សន៍អចលនទ្រព្យHang Seng របស់ហុងកុងបានកើនឡើងជាង១ភាគរយ។
ថ្លែងនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ ក្រុមហ៊ុនChina Vanke កាលពីថ្ងៃអង្គារ លោក Yu បានមានប្រសាសន៍ថា លោកបានរងនូវសម្ពាធខ្លាំងបំផុតលើអាជីព ក្នុងវិស័យអចលនទ្រព្យរបស់លោក ក្នុងកំឡុងឆ្នាំ២០២២នេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានមើលឃើញថាទីផ្សារលំនៅ ដ្ឋានមួយចំនួន មានការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ នៅក្នុងខែមិថុនា។
លោក Yu បានមានប្រសាសន៍ថា “បើគិតពីដើមខែមិថុនារហូតមកដល់ពេលនេះ ខ្ញុំគិតថាការលក់លំនៅដ្ឋាន នឹងមានការកើនឡើងជាក់ស្តែងពីមួយខែទៅមួយខែ”។
លោកបានបន្តថា វិស័យអចលទ្រព្យបានងើបឡើងវិញ ដោយសារមានការបន្ធូរបន្ថយវិធានការ ពីរដ្ឋាភិបាលកណ្តាលចិន និងអាជ្ញាធរមូល ដ្ឋាន ហើយមួយផ្នែកត្រូវបានជំរុញដោយតម្រូវការកើនឡើង បន្ទាប់ពីមានការបិទខ្ទប់អស់ជាច្រើនខែ។
អាជ្ញាធរចិនកំពុងព្យាយាមជំរុញ តម្រូវការអចលទ្រព្យនៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើងវិញ ក្រោយពីវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ១៩ របស់ រដ្ឋាភិបាលចិន៕