ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ជាផ្លូវថ្មីមួយ និងជាការតភ្ជាប់ជាប្រវត្តិសាស្រ្តរវាងតំបន់ភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរ គឺផ្លូវជាតិលេខ១០ នឹងជាខ្សែសសៃឈាមមួយជួយជម្រុញល្បឿននៃការអភិវឌ្ឍន៍អចលនទ្រព្យ និងលំហូរពាណិជ្ជកម្ម។
រដ្ឋាភិបាលបាននិងកំពុងគ្រោង ចំណាយថវិកាប្រមាណជិត២០០លានដុល្លារអាមេរិក ក្នុងការសាងសង់ផ្លូវជាតិថ្មីមួយខ្សែ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ខេត្តពោធិសាត់ និងឆ្ពោះទៅបញ្ចប់នៅក្នុងទឹកដី ខេត្តកោះកុង។
ផ្លូវជាតិលេខ១០ ជាផ្លូវថ្មីមួយខ្សែកាត់ខេត្តចំនួនបី រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ហើយផ្លូវនេះដែរ ក៏កំពុងមមាញឹកក្នុងការសាងសង់ ដើម្បីបញ្ចប់ទៅតាមគម្រោងផែនការ ក្នុងនោះដែរបើតាមការបញ្ជាក់ពីលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា រដ្ឋាភិបាលបានបន្ថែមទុន ទៅលើគម្រោងសាងសង់ផ្លូវនេះចំនួន៦០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យការសង់ផ្លូវជាតិលេខ១០នេះ កាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងជម្រកសត្វព្រៃ។
លោកកែវ សារ៉ន ភ្នាក់ងារអចលនទ្រព្យមួយរូបនៅក្នុងខេត្តបាត់ដំបងឱ្យដឹងថា ការសាងសង់ផ្លូវជាតិលេខ១០ ចេញពីបាត់ដំបងទៅកាន់ខេត្តកោះកុង ដោយកាត់តាមពោធិ៍សាត់នោះ នឹងធ្វើឱ្យខេត្តទាំងបីកាន់តែមានភាពជិតគ្នា ហើយក៏កំពុងតែទាក់ទាញចំណាប់អារម្មណ៍ ពីវិនិយោគិនទៅលើវិស័យដីធ្លីក្នុងខេត្តបាត់ដំបងផងដែរ។
លោកបន្តថា ក្នុងខេត្តមួយនេះ កំពុងទទួលបានការអភិវឌ្ឍដីធ្លីជាបន្តបន្ទាប់ ជាពិសេសនោះគឺការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ ដោយរំពឹងថានៅពេលដែលផ្លូវលេខ១០ សាងសង់រួចនឹងជំរុញកំណើនទេសចរបន្ថែមមួយកម្រិតទៀត ។
ជាមួយគ្នានេះ លោកទុយ ប៉ោហេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកោះកុង បានឱ្យដឹងផងដែរថា វិស័យដីធ្លីនៅក្នុងខេត្តកោះកុង ក៏កំពុងទទួលបានកំណើន និងការវិនិយោគជាបន្តបន្ទាប់ ក្នុងនោះដែរដីមួយចំនួនធំ ត្រូវអ្នកវិនិយោគទុករួចជាស្រេចដើម្បីអភិវឌ្ឍន៍ និងត្រៀមផ្ដល់ជូនអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអ្នកវិនិយោគមកពីបរទេសជាដើម ។
លោកបន្តថា “នៅពេលផ្លូវជាតិលេខ១០សង់រួច ទេសចរមកពីខេត្តផ្សេងៗនឹងកាន់តែងាយស្រួល ធ្វើដំណើរលឿន ជិត ហើយនឹងនាំវិនិយោគិននិងទេសចរពីតំបន់ផ្សេងៗ ចូលមកកាន់ខេត្តកោះកុងកាន់តែច្រើន ស្របពេលនៅក្នុងខេត្តនេះ ក៏មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕