ក្រុមហ៊ុនចិន BYD វ៉ាឈ្នះក្រុមហ៊ុនអាមេរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក

0

ដោយ៖ សុខុម

ប៉េកាំង: ក្រុមហ៊ុនផលិតរថយន្តចិន BYD ដែលមានក្រុមហ៊ុនខ្នាតយក្ស Berkshire Hathaway របស់កំពូលមហាសេដ្ឋីអាមេរិក Warren Buffett នៅពីក្រោយខ្នង បានជែងឈ្នះក្រុមហ៊ុនអាមេរិក Tesla របស់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោក។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តចិន BYD ក៏កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា យើងផងដែរ ដោយទទួលបានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។

ការជែងឈ្នះគួរឱ្យភ្ញាក់ផ្អើលនេះកើតមានឡើង ស្របពេលប្រទេសមហាអំណាចទាំង២កំពុងសម្រុកផលិតរថយន្តអគ្គិសនី និងជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា។

ក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីក្រុងស៊ឹនជិន (Shenzhen) ប្រទេសចិន បានលក់រថយន្តប្រើថាមពលថ្មី (NEV) បានរហូតដល់ទៅប្រមាណ៦៤១.០០០គ្រឿង រួមទាំងរថយន្តអគ្គិសនី (EV) និងរថយន្តហាយប៊្រីដ (Hybrid) ផងដែរក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២។

យោងតាមឯកសារចុះថ្ងៃទី៥ ខែកក្កដា របស់ក្រុមហ៊ុន BYD បង្ហាញថា តួលេខថ្មីនេះបង្ហាញពីកំណើនរហូតដល់ទៅជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ដោយឡែកក្រុមហ៊ុនអាមេរិក Tesla លក់រថយន្តបានចំនួន៥៦៤.០០០គ្រឿងក្នុងឆមាសទី១ ដោយកើនឡើង៤៦% បើធៀបនឹង៣៨៦.២០០គ្រឿងដែលលក់បានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទោះជាយ៉ាងណា តួលេខនេះបង្ហាញថា ក្រុមហ៊ុន Tesla លក់រថយន្តបានតិចជាងក្រុមហ៊ុន BYD ក្នុងចំនួន៧៧.០០០គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here