ដោយ៖ សុខុម
ហាណូយ: ក្រុមហ៊ុនវៀតណាម VinFast បានចុះកិច្ចព្រមព្រៀងជាក្របខណ្ឌជាមួយក្រុមហ៊ុន Credit Suisse (Singapore) Ltd និងក្រុមហ៊ុន Citigroup Global Markets Inc. ដើម្បីប្រមូលទុនឱ្យបានយ៉ាងតិច៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមេរបស់ខ្លួន Vingroup JSC កាលពីខែឧសភា និយាយថា ការប្រមូលទុនតាមរយៈការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) សម្រាប់ក្រុមហ៊ុន VinFast អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំក្រោយដោយសារភាពទីផ្សារស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែកក្កដា នេះ។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ជាក់ឡើយថា តើបំណុលប្រភេទណាដែលខ្លួននឹងប្រមូលមកធ្វើជាដើមទុន។ ចំណែកឯក្រុមហ៊ុន Credit Suisse និងក្រុមហ៊ុន Citi ក៏មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះដែរ។
ក្រុមហ៊ុន VinFast ដែលបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៩ កំពុងប្រថុយមួយក្ដារយ៉ាងធំនៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសង្ឃឹមថាខ្លួននឹងអាចប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនផលិតរថយន្តជើងចាស់ និងក្រុមហ៊ុន Startup ជាមួយនឹងរថយន្តប្រភេទ SUV ប្រើអគ្គិសនីសុទ្ធសាធ២ម៉ូឌែលរបស់ខ្លួន ព្រមទាំងម៉ូឌែលជួលអាគុយដែលនឹងកាត់បន្ថយតម្លៃទិញ។
ក្រុមហ៊ុននេះនិយាយថា រោងចក្រនៅរដ្ឋ North Carolina ដែលគ្របដណ្តប់លើផ្ទៃដី៨០០ហិកតា នឹងផលិតរថយន្តអគ្គិសនីបានចំនួន១៥០.០០០គ្រឿងក្នុងមួយឆ្នាំៗ។
ក្រុមហ៊ុន VinFast បានសន្យាថានឹងបង្កើតការងារចំនួន៧.៥០០កន្លែងនៅរោងចក្រនេះ ហើយបាននិយាយថា ខ្លួនមានគោលបំណងចាប់ផ្តើមផលិតកម្មនៅឆ្នាំ២០២៤៕