ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សមួយរបស់ចិន បោះទុន ១០០០លានដុល្លារ វិនិយោគលើលំនៅដ្ឋាននៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យធំមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំង៥០របស់ប្រទេសចិន បានបោះទុនវិនិយោគទឹកប្រាក់រហូត ដល់១០០០លាន​ដុល្លារដើម្បីសាងសង់បុរីនៅកម្ពុជា។

ក្រុមហ៊ុនJOVAN GROUPបានទិញដី១៤០ហិកតា នៅតំបន់ផ្លូវជាតិលេខ៦អា ដើម្បីសាងសង់បុរី ដែលផ្តោតលើលំនៅដ្ឋានប្រណីត ស៊ីវិល័យ​ ព្រមទាំងផ្តោតលើLandscape ដំបូងគេនៅកម្ពុជា។

លោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Groupបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ កក្កដាថា ក្រុមហ៊ុនJOVAN មានដើមកំណើតនៅខេត្តជេចៀន ប្រទេសចិន ដែលបានអភិវឌ្ឍ​ន៍តាមនិន្នាការរបស់រដ្ឋាភិបាលចិន ហើយដោយសាររដ្ឋាភិបាលចិន មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនJOVAN បានវិនិយោគនៅជុំវិញពិភពលោក និងកំពុងចាប់អារម្មណ៍តំបន់អាស៊ីអាគ្នេយ៍ និងភាពជាមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា និងស្របតាមគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

លោកបន្ថែមថា “អ្វីកាន់តែពិសេស ខ្ញុំបានមើលឃើញសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ទើបយើងសម្រេចចិត្តបោះទុនវិនិយោគនៅទីនេះ”។លោកបន្តថា “គោលដៅនៃការវិនិយោគរបស់JOVANនៅកម្ពុជា គឺចូលរួមលើកកំពស់វិស័យលំនៅដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង”។

ក្រុមហ៊ុនJOVAN Group បានទិញដី១៤០ហិកតា ដែលមានតម្លៃទីផ្សារ២០០លានដុល្លារ ហើយបើបូកបញ្ចូលថ្លៃសំំណង់ និងការអភិវឌ្ឍន៍នានា គឺគំរោងវិនិយោគJOVAN CITY គ្រោងចំណាយទឹកប្រាក់សរុប១០០០លានដុល្លារអាមេរិក។

លោកKong Jian Mingបានបន្តថា​ ក្រុមហ៊ុនរបស់យើងសម្រេចចិត្ត បោះទុនវិនិយោគនៅកម្ពុជា ដោយសារកត្តាមួយចំនួន ដូចជា ទី១ ប្រទេសនេះមានប្រជាជនវ័យក្មេងច្រើន ទី២ ផលទុនជាតិសរុប ស្ថិតក្នុងររង្វង់៧ភាគរយក្នុងមួយឆ្នាំ ទី៣​កម្ពុជា ជាប្រទេសមានស្ថេរភាពនយោ​បាយ​ ទី៤ និន្នាការនគរូបនីយកម្ម នៅទីក្រុងនៃបណ្តាប្រទេសនានា មានការរីកចម្រើន ដូចគ្នានឹងកម្ពុជានាពេលអនាគត ដែលប្រជាជនរស់នៅរាជធានីភ្នំពេញ នឹងកើនដល់ចន្លោះពី៦ ទៅ៨លាននាក់ ដែលនឹងធ្វើឲ្យតម្រូវការលំនៅដ្ឋាននឹង​មានការកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here