ទីក្រុងហុងកុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកទី២ ចាប់តាំងពីផ្ទុះ មហាបាតុកម្មក្នុងឆ្នាំ២០១៩

0

ដោយៈ សុខុម

អន្តរជាតិ: ទីក្រុងហុងកុង ពេលនេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាថ្មីម្ដងទៀតហើយ ដោយសារកត្តាសំខាន់ ដូចជា ការដំឡើងអត្រាការប្រាក់ ការចុះខ្សោយនៃពាណិជ្ជកម្មពិភពលោក និងការបន្តអនុវត្តរបស់ទីក្រុងនេះនូវវិធានការរឹតបន្តឹងកូវីដ-១៩ យ៉ាងតឹងរ៉ឹង។

ផ្អែកតាមតួលេខប៉ាន់ស្មានដែលនាយកដ្ឋានជំរឿន និងស្ថិតិ (Census and Statistics Department) នៃក្រុងនេះបានបញ្ចេញកាលពីថ្ងៃច័ន្ទ ទី១ ខែសីហា បង្ហាញថា បន្ទាប់ពីការធ្លាក់ចុះ៣,៩%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ផលទុនជាតិសរុប (GDP) របស់ទីក្រុងនេះបានធ្លាក់ចុះជាថ្មីក្នុងត្រីមាសទី២ ក្នុងរង្វង់១,៤%។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃអង្គារ ទី០២ ខែសីហា នេះ។

សេដ្ឋកិច្ចទីក្រុងនេះ សម្រេចបានកំណើនប្រចាំឆ្នាំ៦,៣%ក្នុងឆ្នាំ២០២១ បន្ទាប់ពីដាំក្បាលចុះខ្លាំងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ នៅពេលទីក្រុងនេះផ្ទុះមហាបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានអូសបន្លាយពេលរាប់ខែ ហើយបន្ទាប់មកក៏ជួបវិបត្តិកូវីដ-១៩ បន្ថែមទៀត។

រដ្ឋបាលក្រុងហុងកុង និយាយថា សន្ទុះសេដ្ឋកិច្ចយឺតជាងការរំពឹងទុកដោយសារតែភាពចុះខ្សោយនៃពាណិជ្ជកម្មខាងក្រៅ។

ស្ថិតិផ្លូវការដែលចេញផ្សាយកាលពីខែមុន បានបង្ហាញថា តម្លៃទំនិញនាំចេញសរុបក្នុងត្រីមាសទី២ បានធ្លាក់ចុះ៤,២% បើធៀបនឹងត្រីមាសទី១។

យោងតាមកំណត់ត្រាបង្ហាញថា សម្រាប់ឆមាសទី១ ដើមឆ្នាំ២០២២ ឱនភាពពាណិជ្ជកម្ម មានទំហំទឹកប្រាក់ចំនួន២០៦,១ពាន់លានដុល្លារ ដែលស្មើនឹង៨,២%នៃតម្លៃនៃទំនិញនាំចូល៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here