ដោយ៖ សហការី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យភាគីអាមេរិក មានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលសម្តេចបានលើកឡើងថា ទណ្ឌកម្មនេះមិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះរួមទាំងកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ដោយបានថ្លែងស្នើឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះរួមទាំងកម្ពុជាផងដែរ។
ចំពោះករណីបោះឆ្នោតគាំទ្រសេចកី្តសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ សម្តេចបានថ្លែងថា ជាគោលការណ៍ ដែលកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋានដែលទទួលស្គាល់ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់។ កម្ពុជាអំពាវនាវឱ្យមានបទឈប់បាញ់គ្នា ចរចាដោយសន្តិវិធី និងការអត់ធ្មត់ជាទីបំផុត។
លោក Blinken បានគោរពជម្រាបជូនសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា ទីផ្សារនាំ ចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល៕