ដោយៈ គង់ សូរិយា
ភ្នំពេញៈ សភាពាណិជ្ជកម្ម និងអ្នកធុរកិច្ចថៃបាននិងកំពុងពង្រីកឱកាសនៃការវិនិយោគ ដើម្បីពង្រីកទីផ្សារនៅកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ សីហា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ គោលបំណងនៃទស្សនកិច្ច របស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារ តាមរយៈពិព័រណ៍ពាណិជ្ជកម្ម មានគុណភាពខ្ពស់ ជាពិសេស នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
-->
លោកបន្តថា ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។
ជាការឆ្លើយតបលោកប៉ាន សូរស័ក្តិ បានស្នើដល់ លោកប្រធានគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន៖ (១) រៀបចំបេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ (២) ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ និងរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា និង (៣) ចូលរួមវេទិកាធុរកិច្ច ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេស កម្ពុជា-ថៃ។
លោកបន្តថា ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ ឯកឧត្តមរដ្ឋមន្រ្តី សូមលើកទឹកចិត្តអ្នកវិនិយោគថៃ នៅកម្ពុជាឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ច របស់កម្ពុជាឱ្យបានពេញលេញ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បានកើនឡើងពី៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១៕



