រុស្ស៊ីវាយបក ដោយហាមវិនិយោគិនលោកខាងលិច មិនឱ្យលក់ភាគហ៊ុនក្នុងគម្រោងថាមពល និងធនាគារ

0

ដោយៈ សុខុម

មូស្គូ: ប្រទេសរុស្ស៊ី បានចេញបម្រាមមិនឱ្យវិនិយោគិន មកពីបណ្ដាប្រទេសអមិត្ត លក់ចេញភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងថាមពលសំខាន់ៗ និងធនាគារនានានៅរុស្ស៊ី រហូតដល់ដំណាច់ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ដែលលោកខាងលិចបានដាក់មកលើខ្លួន។

បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តរួមទាំងជប៉ុន ផងបានរួមគ្នាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ មកលើប្រទេសរុស្ស៊ី ដូចទឹកបាក់ទំនប់ ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។

ជាការឆ្លើយតបទៅនឹងទណ្ឌកម្មទាំងនេះ រដ្ឋាភិបាលក្រុងមូស្គូ បានសងសឹកវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យបណ្ដាក្រុមហ៊ុន លោកខាងលិច និងសម្ព័ន្ធមិត្ត ពិបាកនឹងចាកចេញពីប្រទេសរុស្ស៊ី តួយ៉ាងដូចជាការចេញបម្រាមខាងលើនេះជាដើម ហើយក្នុងករណីខ្លះ ថែមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះទៀតផង។

ក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតី វ្លាឌីមៀ ពូទីន ហើយផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ទី៥ ខែសីហា នេះបានដាក់បម្រាមភ្លាមៗ លើវិនិយោគិន មកពីបណ្តាប្រទេស ដែលបានគាំទ្រការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី មិនឱ្យលក់ចេញទ្រព្យសម្បត្តិ ក៏ដូចជា ភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនថាមពល ធនាគារ និងគម្រោងផ្សេងៗទៀតរាប់ ចាប់ពីផលិតកម្មប្រេង និងឧស្ម័នរហូតដល់ធ្យូងថ្ម និងរ៉ែនីគែលនៅរុស្ស៊ី។

ក្រឹត្យនេះបញ្ជាក់ថា លោក ពូទីន អាចនឹងចេញការលើកលែងពិសេសក្នុងករណីមួយចំនួន ដើម្បីឱ្យកិច្ចព្រមព្រៀងនានាបន្តទៅមុខ ហើយរដ្ឋាភិបាល និងធនាគារកណ្តាលនៃប្រទេសនេះ នឹងត្រៀមរៀបចំបញ្ជីឈ្មោះធនាគារសម្រាប់ឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) អនុម័ត។

ទោះជាយ៉ាងណា ក្រឹត្យនេះមិនបានបញ្ជាក់ឈ្មោះ វិនិយោគិនណាម្នាក់ចំៗនោះឡើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here