លោកហ៊ុន ម៉ានីៈសក្តានុពលធំជាងគេរបស់កម្ពុជាគឺប្រជាជនវ័យក្មេង

0

ដោយៈ គង់ សូរិយា

       ព្រែវែងៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានថ្លែងថា សក្តានុពលធំជាងគេរបស់កម្ពុជា គឺប្រជាជនរបស់កម្ពុជា ជាពិសេសទៅទៀតនោះ គឺប្រជាជនវ័យក្មេង។

លោកហ៊ុន ម៉ានីបានមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណា​លជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជា ស៊ីម កំចាយមារ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី២៣ សីហានេះ។

លោកបានបន្តទៀតថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លួនឯង ដើម្បីឆ្ពោះទៅមុខ និងត្រូវឆ្លៀតឱកាសរៀនសូត្រឲ្យបានច្រើន ទើបអាចអភិ​វឌ្ឍន៍ខ្លួនបានលឿន ដើម្បីសម្រេចគោលដៅខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ទន្ទឹមនឹងនោះ លោកបានរំលឹកនូវគោលការណ៍រៀនសូត្របី ផ្នែកសំខាន់ ដើម្បីទទួលបានជោគជ័យ ដោយទី១ គឺការរៀនសូត្រតាមរយៈទ្រឹស្តី និងមេរៀនក្នុងថ្នាក់ ដែលមនុស្សគ្រប់គ្នា តែងតែទទួលបានពីការសិក្សាតាមសាលា ទី២ គឺការរៀនសូត្រ តាមរយៈការសង្កេតមើលអ្នកដែលជោគជ័យ ដើម្បីឲ្យយើងស្វែងយល់ និងអភិវឌ្ឍខ្លួនឯងតាមទម្លាប់ និងសកម្មភាពល្អៗ ដែលបុគ្គលជោគជ័យបានអនុវត្ត និងទី៣ គឺការរៀនសូត្រតាមរយៈបទពិសោធន៍ ដោយឲ្យការងារបង្រៀនយើង ដើម្បីទទួលបានឱកាសរៀនសូត្របន្ថែមទៀត ក្នុងការអភិវឌ្ឍខ្លួនតទៅមុខ។

នៅក្នុងវគ្គសំណួរចម្លើយ មាននិស្សិតមួយរូបបានចោទជាសំនួរទៅកាន់ លោក ហ៊ុន ម៉ានី ថា តើយុវជនកម្ពុជា ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះដើម្បីក្លាយជាយុវជនបន្តវេន? លោកបានឆ្លើយតបដោយលើកយកចំណុច៣សំខាន់ៗ មកធ្វើការបកស្រាយយ៉ាងខ្លីប៉ុន្តែខ្លឹម ក្នុងនោះលោកបានបញ្ចាក់ថា ដើម្បីត្រៀមខ្លួនឲ្យក្លាយជាអ្នកបន្តវេន សម្រាប់ប្រទេសជាតិ គឺយុវជនចាំបាច់ត្រូវយល់ដឹងអំពី ភូមិសាស្រ្ត ប្រជាសាស្រ្ត និងបរិបទ។

បន្ទាប់ពីការបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាស៊ីម កំចាយមារ កាលពីឆ្នាំ២០២១កន្លងមក នេះជាការជួបជុំ លើកទី១ រវាងលោក ហ៊ុន ម៉ានី និងសមាជិក សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាស៊ីម កំចាយមារ ក្នុងឯកសណ្ឋានតែមួយ ដើម្បីរួមគ្នា សម្រេចនូវបេសកម្ម និងបុព្វហេតុ ស.ស.យ.ក. ក៏ដូចជា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជា ស៊ីម កំចាយមារផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here